(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រវិស័យចម្រៀង K-POP របស់កម្ពុជាបានសម្តែងនូវក្តីសប្បាយរីករាយ និងរំភើបជាខ្លាំង ពេលឃើញក្រុម OMG ដែលតំណាងឲ្យកម្ពុជា ឡើងបង្ហាញសមត្ថភាពយ៉ាងរស់រវើកក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅកូរ៉េខាងត្បូងមានឈ្មោះថា «K-pop World Festival»។ អ្វីដែលពិសេសក្រុមរាំនារីរបស់កម្ពុជា OMG បាននាំយកទង់ជាតិកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិយ៉ាងទាក់ទាញ ធ្វើឲ្យអ្នកចូលរួមដែលសុទ្ធសឹងតែជាតារាល្បីៗមកពីប្រទេសជាច្រើនចាប់អារម្មណ៍គ្រប់គ្នា។

ពិតណាស់ព្រឹត្តិការណ៍ «K-pop World Festival» ត្រូវបានរៀបចំឡើងនៅរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់តារាល្បីៗ តំណាងប្រទេសនីមួយៗចូលរួមយ៉ាងច្រើនកុះករ។ តារាតំណាងប្រទេសនីមួយៗ បានឡើងបង្ហាញសមត្ថភាពជាបន្តបន្ទាប់ ខណៈកម្ពុជាមានក្រុមរាំនារី OMG ធ្វើជាតំណាង។ ដោយក្នុងនោះគេសង្កេតឃើញថា ក្រៅ​ពី​ទទួល​បាន​ភាព​សប្បាយ​រីករាយ សំឡេងស្រែកហោរកញ្ជ្រៀវ​ជាមួយ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ពី​សំណាក់​ក្រុម​រាំនារី​កម្ពុជាហើយនោះ ក្រុមអ្នក​គាំទ្រ​កាន់​តែរំភើប និង​មាន​មោទកភាព​ជា​ខ្លាំង ក្រោយ​ទង់ជាតិ និង​ប្រាសាទ​នៃ​ប្រទេស​កម្ពុជា​​បាន​បង្ហាញ​យ៉ាង​ច្បាស់​ៗ ធំ​ៗលើ Screen នៃឆាក​ប្រគំ​តន្ត្រី ដោយ​រួម​ទាំង​មាន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី ITZY ចេញ​មុខ​ផ្ទាល់​ ជាមួយនឹងដៃ​កាន់​ទង់ជាតិ​ខ្មែរ ដើរ​បង្ហាញ​ខ្លួន​ចេញ​មក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។

យ៉ាងណាមិញ ក្រោយពីការសម្តែងពីសំណាក់តារាទាំង១៣ប្រទេសរួចមក ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅខែវិច្ឆិកា ខណៈ ក្រុមរាំនារី OMG បានបង្ហាញអារម្មណ៍រំភើប មានមោទនភាពជាពន់ពេក ក្នុងការតំណាងកម្ពុជាចូលរួម ប្រកួតបង្ហាញទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិ ដោយបានសរសេររៀបរាប់នៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ដឹងទេ ថាមកជាន់លេីឆាកអន្តរជាតិតំណាងប្រទេសកម្ពុជា ជាកិត្តិយសដ៏ធំបំផុតសំរាប់ OMG ទោះយ៉ាងណា ពួកយេីងបានធ្វេីឲ្យគេគ្រប់គ្នាទទួលស្គាល់ និងឲ្យតម្លៃដល់ប្រទេសយេីង ទោះជាផ្នែកមួយតូច ដែលអាចធ្វេីបានសំរាប់ជាតិក៏ដោយ តែពួកយេីងបានខិតខំអស់ពីលទ្ធភាពហេីយ អរគុណណាស់ អ្នកគាំទ្រទាំងអស់ ទាំងក្រុមគ្រួសា មិត្តភក្ភិ and Eleven»

គួរបញ្ជក់ថា ក្នុងកម្មវិធីខាងលើក្រុមរាំ OMG បានបង្ហាញក្បាច់រាំ cover បទចម្រៀងចំនួន៣បទ មាន Fancy, love shoot និង Fire៕