(ស៊ីងហ្គាពួរ)៖ Neymar បានក្លាយជាកីឡាករទី៧ ដែលបានចូលលេងឲ្យក្រុមជម្រើសជាតិសាំបាប្រេស៊ីល ចាប់ពី ១០០ប្រកួតឡើងទៅ បន្ទាប់ពីខ្សែប្រយុទ្ធពាក់លេខ១០ មកពីក្លឹបបារាំង Paris Saint-Germain រូបនេះចូលលេង ពេលប្រេស៊ីល ប្រកួតស្មើគ្នា ១-១ ទល់នឹងសេណេហ្គាល់ ក្នុងមិត្តភាពយប់មិញនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលនៃប្រទេសសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្តរជាតិនោះ ក្រុមមកពីអាមេរិកឡាទីន និងអាហ្រ្វិក បានត្រឹមស្មើគ្នាប៉ុណ្ណោះ ១-១ តាំងពីវគ្គទី១ មកម្ល៉េះពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Roberto Firmino មកពីក្លឹប Liverpool មុនពេលត្រូវបាន Diedhiou ស៊ុតគ្រាប់តាមស្មើដោយបាល់ប៉េណាល់ទីនៅនាតី៤៥+១ ដោយមានវត្តមានមិត្តរួមក្រុម Sadio Mane ផងដែរក្នុងក្រុមសេណេហ្គាល់។

យ៉ាងណាក៏ដោយ កីឡាករដែលកំពុងកាន់កំណត់ត្រាផ្ទេរថ្លៃជាងគេលើលោក Neymar មិនអាចបន្ថែមគ្រាប់បាល់ពី ៦១គ្រាប់សម្រាប់ក្រុមសាំប្រេស៊ីលបានទេ ក្នុងខណៈទាត់បាល់ហ្រ្វីឃីក ២ដង ហោះលើរបារទី និង១គ្រាប់ទៀតត្រូវបានអ្នកចាំទី Alfred Gomis ជួយសង្រ្គោះបាន។

កីឡាករវ័យ ២៧ឆ្នាំ Neymar បានចូលលេងក្នុងជម្រើសជាតិសាំបាប្រេស៊ីលលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១០ មក បន្ទាប់ពីមិត្តរួមជាតិ Cafu ចូលលេងបាន ១៤២ប្រកួតច្រើនជាងគេ លេខ២ Roberto Carlos បាន ១២៥ប្រកួត Dani Alves ១១៧ប្រកួត Lucio បាន១០៥ប្រកួត Claudio Traffarel បាន១០១ប្រកួត និង Robinho បាន ១០០ប្រកួតដែរ៕