(ប្រុចសែល)៖ ក្រុមបាល់ទាត់បិសាចក្រហមប៊ែលហ្សិក បានឈ្នះកៅអី១ ដើម្បីឡើងទៅលេងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 មុនគេ ក្រោយរកបាន ២១ពិន្ទុនាំមុខកំពូលតារាងដាច់ ជាមួយនឹងការបំបាក់ក្រុមភ្ញៀវ សាំងម៉ារាំង (San Marino) ក្នុងលទ្ធផល ៩-០ នៃវគ្គជម្រុះនាយប់មិញនេះ។

អតីតកីឡាករខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Manchester United ដែលបានផ្លាស់ទៅលេងឲ្យក្លឹបអ៊ីតាលី Inter Milan រដូវកាលនេះ រកបាន ២គ្រាប់ម្នាក់ឯងសម្រាប់គ្រាប់បើកឆាកនៅនាទី២៨ និងនាទី៤១ ដើម្បីបញ្ជូនប៊ែលហ្សិក កក់កៅអីវគ្គចែកពូលនៃ Euro 2020 មុនគេ ជាមួយនឹងមិត្តរួមក្រុមផ្សេងៗទៀតដែលរកបានគ្រាប់បាល់ជាបន្តបន្ទាប់ សង្កត់សាំងម៉ារាំងមិនឲ្យតដៃរួចឡើយ ក្នុងប្រកួតទី៧ ជើងទី២ ប្រចាំពូល I។

តាមរយៈលទ្ធផលនេះ ប៊ែលហ្ស៊ិកនៅតែជាក្រុមខ្លាំងក្នុងពូលដោយលេង ៧ប្រកួត មិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូត រកបាន ២១ពិន្ទុ ឈរនៅកំពូលតារាងដាច់ តាមពីក្រោយដោយម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី ដោយមាន ១៨ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវស្កុតឡេន ៣-១ យប់មិញនេះដូចគ្នា។

យ៉ាងណាក៏ដោយ ប៊ែលហ្សិកនៅសល់ ៣ប្រកួតបង្រ្គប់កិច្ចក្នុងពូល I និងនៅសល់កៅអី ១ទៀត សម្រាប់៤ក្រុមប្រជែងយករួមមានរុស្ស៊ី កោះសាយប្រឺស កាហ្សាក់ស្ថាន និងស្កុតឡេន គ្រាដែលក្នុងពូលត្រូវយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីទៅលេង Euro 2020 វគ្គចែកពូល ២៤ក្រុមចុងក្រោយ៕