(ភ្នំពេញ)៖ ​ជំនួបសងសឹករវាងម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី Angelina Lee ប៉ះកីឡាការិនីចិន Xiong Jing Nan ដែលជាម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion​។ ការប្រកួតនេះ គឺលក្ខណៈ MMA ដោយ Xiong Jing Nan ត្រូវដណ្តើមខ្សែក្រវាត់លើកទី២ ជាមួយកីឡាការិនីសិង្ហបុរី Angelina Lee បន្ទាប់ពីធ្លាប់យកឈ្នះម្តង កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៩ នៅប្រទេសជប៉ុន​។

Xiong Jing Nan ហ្វឹកហាត់នៅក្លិប Bali MMA ធ្លាប់មានបទពិសោធប្រកួតឈ្នះ១៧ និងចាញ់ម្តង ខណៈ Angelina Lee មានបទពិសោធប្រកួត MMA ឈ្នះ ៩ និងចាញ់ ២ដង។ ក្នុងថ្ងៃនោះដែរ នៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ FLYWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងកីឡាករអាមេរិក Demetrious Johnson និងជើងឯកវ៉ូស៊ូរបស់ហ្វីលីពីន Danny Kingad ផងដែរ។ មុនឈានមកដល់វគ្គចុងក្រោយនេះ ពួកគេទាំងពីរនាក់ត្រូវឆ្លងកាត់ការប្រកួត ជម្រុះជាមួយជើងខ្លាំងជាច្រើន ដោយប្រកួតចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Johnson បានយកឈ្នះកីឡាករជប៉ុន TATSUMITSU WADA ចំណែក Danny Kingad បានឈ្នះពិន្ទុកីឡាករ អូស្ត្រាលី REECE MCLAREN។

Johnson ជាអតីតម្ចាស់ខ្សែក្រវាត់ Flyweight MMA World Champion ដែលមានបទពិសោធប្រកួតឈ្នះ២៩ ចាញ់៣ និងស្មើ១ ហ្វឹកហាត់នៅក្លិប Evolve MMA ចំណែកដៃគូរបស់គេ Danny Kingad មានជំនាញក្បាច់វ៉ូស៊ូ ធ្លាប់ប្រកួត MMA ឈ្នះ១៤ និងចាញ់ម្តង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយគូទៀត គឺលើទម្ងន់ LIGHTWEIGHT WORLD GRAND PRIX CHAMPIONSHIP រវាងម្ចាស់ខ្សែក្រវាត់ ONE Lightweight កីឡាករសិង្ហបុរី Christian Lee ត្រូវតតាំងជាមួយជើងខ្លាំង BJJ របស់ប្រទេសទួកគី Arslanaliev។

មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះកីឡាករ Arslanaliev បានផ្តួលកីឡាករសិង្ហបុរី AMIR KHAN ក្នុងទឹកទី១។ Christian Lee ដែលជាបងប្រុស Angelina Lee មានបទពិសោធប្រកួតឈ្នះ ១២ និងចាញ់ ៣ ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ខណៈដៃគូរបស់គេ Saygid Guseyn Arslanaliev ធ្លាប់ប្រកួត MMA 9 ដង ឈ្នះ៨ និងចាញ់ម្តង។

ក្រៅពីការប្រកួតគូពិសេសៗទាំងនេះ នៅមានការប្រកួតគូខ្លាំងៗជាច្រើនទៀត សរុបមានចំនួន១១គូ ដែលស្ថានីយ៍ទូរទស្សន៍ CTN នឹងចាប់ផ្តើមផ្សាយពីម៉ោង៩ ព្រឹកពីទីក្រុង តូក្យូ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ដែលស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយបន្តផ្ទាល់នឹងមានការប្រកួតគូដណ្តើមខ្សែក្រវាត់ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WORLD GRAND PRIX CHAMPIONSHIP ចំនួនពីរគូ រួមទាំងការប្រកួតគូពិសេសជាច្រើន ក្នុងថ្ងៃគម្រប់សង្វៀនលើកទី១០០របស់ស្ថាប័នមួយនេះ ​ធ្វើឡើងនៅថ្ងៃទី ១៣ ខែ​តុលា ឆ្នាំ២០១៩ ខាងមុខនេះនាទីក្រុងតូក្យូ ប្រទេសជប៉ុន៕