(ភ្នំពេញ)៖ រឿង Gemini Man ដែល​ជាភាពយន្ត​បែប​បាញ់​ប្រហារ​ដ៏​ល្បី​ល្បាញ និង​កំពុង​ចរាចរ​ពាសពេញ​ពិភពលោកបាន​មក​ដល់​ប្រទេសកម្ពុជាហើយ។ ក្នុង​នោះ​ភាពយន្ត​នេះ ក៏មានការចូលរួមសម្ដែង ដោយ​តារា​ល្បី​ឈ្មោះ​ Will Smithផងដែរ។

ភាពយន្ត​រឿង Gemini Man បាន​សម្ពោដាក់​បញ្ចាំង​ជា​ផ្លូវ​នៅ​កម្ពុជា កាលពី​យប់​មិញ​នៅរោង ភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON1 ដោយមាន​វត្តមានអ្នកគាំទ្រជាច្រើនចូលរួម អបអរសាទរ ព្រមទាំងមានការបង្ហាញនូវក្បាច់រាំ និងជួបសំណេះសំណាលជាមួយអ្នកជំនាញជាច្រើន។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីទស្សនាភាពយន្ត​ «Gemini Man» រួច ទស្សនិកជនជាច្រើនលាន់មាត់សរសើរពីស្នាដៃសម្តែងរបស់លោក Will Smith ដែលជាតួឯកប្រុសនៅក្នុងរឿងនេះ។

Will Smith បានសម្តែងជាតួអង្គឈ្មោះ Henry Brogan ដែលជាជើងខ្លាំងផ្នែកកងកម្លាំងលបបាញ់ពិសេស បានក្លាយជាឃាតករសម្ងាត់របស់អង្គភាពរដ្ឋាភិបាល។ ភាពយន្តនេះត្រូវបានអ្នកដឹកនាំដោយម្ចាស់ពានរង្វាន់ Academy Award ដែលមានឈ្មោះថា លោក Ang Lee និងមានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដូចជា អ្នកនាង Mary Elizabeth Winstead សម្តែងជាតួអង្គភ្នាក់ងារ DIA ឈ្មោះ Danny Zakarewski ដែលត្រូវបានបញ្ជូនឱ្យទៅឃ្លាំមើល Henry។ ម្ចាស់ពានរង្វាន់ Golden Globe លោក Cive Owen រួមជាតារាល្បីៗជាច្រើនរូបទៀត។

ភាពយន្ត «Gemini Man» ត្រូវបានផលិតឡើង ដើម្បីឱ្យទស្សនិកជនទទួលបាននូវបទពិសោធ បច្ចេកវិទ្យា Visual Effects ថ្មីដែលមិនធ្លាប់មានពីមុនមក។

លោក Ang Lee និងអ្នកដឹកនាំផ្នែកថត លោក Dion Beebe បានផលិតរូបភាពដ៏រលូន ដោយបានថតក្នុងកម្រិត ១២០ ហ្រ្វេម ក្នុងមួយវិនាទី ដែលធ្វើឱ្យរូបភាពគ្រប់ឈុតគ្រប់ឆាករលូន ឥតទាក់ ត្រជាក់ភ្នែកជាងភាពយន្តទូទៅ ដែលថតត្រឹមកម្រិត ២៤ ហ្រ្វេម ក្នុងមួយវិនាទីប៉ុណ្ណោះ។

ទស្សនិកជនទាំងអស់អាចទស្សនា ភាពយន្ត «Gemini Man» បានគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១០ ខែតុលា នេះតទៅ៕