(ភ្នំពេញ)៖ ការប្រកួតជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងអ៊ីរ៉ង់ បានឈានដល់ថ្ងៃប្រកួតហើយ នៅវេលាម៉ោង ៨៖៣០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Azadi នាប្រទេសអ៊ីរ៉ង់ ដែលជាការប្រកួតទី៣ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-ប្រចាំតំបន់អាស៊ី។

ជុំវិញការប្រកួតដ៏ធំនេះ លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានទទួលស្គាល់អ៊ីរ៉ង់ គឺជាក្រុមខ្លាំង ហើយក៏ដឹងពីភាពខុសគ្នារវាងក្រុមទាំងពីរផងដែរ។ ប៉ុន្ដែលោកបានចាត់ទុកនេះ គឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់ និងសាកល្បងសមត្ថភាពកូនក្រុមរបស់ខ្លួន ក្នុងការប្រកួតជាមួយក្រុមខ្លាំងនៅអាស៊ី។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញ។

ចំណែកលោក Marc Wilmots គ្រូបង្វឹកអ៊ីរ៉ង់ បានបង្ហាញភាពជឿជាក់ខ្លាំងក្នុងការប្រកួតទល់នឹងកម្ពុជា ដោយពួកគេផ្ដោតលើជ័យជម្នះ ហេតុនេះលោកនឹងប្រើប្រព័ន្ធប្រយុទ្ធជាសំខាន់ ដើម្បីស្វែងរកគ្រាប់បាល់ ដ្បិតអ៊ីរ៉ង់ កំពុងត្រូវការជ័យជម្នះ ដើម្បីប្រជែងកៅអីកំពូលតារាង និងដំណើរដ៏វែងឆ្ងាយ ឆ្ពោះទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា នេះជាការប្រកួតទី៣ របស់កម្ពុជា ក្រោយឆ្លងកាត់ ២ប្រកួត ស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០។ ឯអ៊ីរ៉ង់ ទើបប្រកួតលើកទី២ បន្ទាប់ពីប្រកួតដំបូង បានយកឈ្នះក្រុមម្ចាស់ផ្ទះហុងកុង ២-០។ នៅថ្ងៃជាមួយគ្នានេះដែរ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិហុងកុង ដែលជាប្រកួតទី២ និងទី៣ ក្នុងពូល C របស់ក្រុមទាំងពីរផងដែរ៕