(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយក្រុមខ្លាំងអុីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ដែលជាជំនួបប្រកួតក្រៅដីលើកដំបូងរបស់កម្ពុជា សម្រាប់ការប្រកួតលើកទី៣ នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

ជាមួយគ្នានោះ អ៊ន ចាន់ប៉ូលីន ដែលជាសមាជិក ១រូបក្នុងក្រុមជម្រើសជាតិនោះ មិនមានអារម្មណ៍ភ័យខ្លាចអ្វីនោះទេ ប៉ុន្តែគេមានអារម្មណ៍រំភើបទៅវិញទេ សម្រាប់ការប្រកួតទល់នឹងក្រុមខ្លាំងឈរនៅចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី។

កីឡាករដែលត្រូវបានជ្រើសរើសចេញពីក្លឹបបាល់ទាត់ក្នុងស្រុកភ្នំពេញបានឲ្យដឹងថា «ឆ្លងកាត់ការហ្វឹកហាត់មួយរយៈនេះ ខ្ញុំមានទំនុកចិត្ត និងមានតិចនិចក្នុងការលេងច្រើនជាងមុន។ ចំពោះក្រុមរបស់យើងគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រកួតនេះ ពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើបាន។ សម្រាប់ខ្ញុំ គឺមិនមានភាពភ័យខ្លាចអ្វីនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលដែលបានលេងជាមួយក្រុមខ្លាំងមួយនៅតំបន់អាស៊ី ហើយក៏ជាឱកាសមួយដើម្បីបង្ហាញកម្រិតរបស់យើងដែរ»

កីឡាករដែលតែងតែមានវត្តមានក្នុងក្រុមជម្រើសជាតិ ក្រោមដឹកនាំរបស់លោក Keisuke HONDA បានកំពុងតែធ្វើបានល្អក្នុងការហ្វឹកហាត់ ប៉ុន្តែមានបញ្ហាបន្តិចបន្តួចទៅលើអាកាសធាតុ ហើយបើនិយាយពីការប្តេជ្ញាចិត្តរបស់យើងគឺមិនខុសពីការប្រកួតមុនៗនោះទេ យើងនឹងធ្វើឲ្យបានល្អជាទីបំផុត បើទោះបីជាយើងដឹងថា ក្រុមគេខ្លាំងប៉ុណ្ណាក៏ដោយ៕