(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បាននឹងកំពុងបោះជំរុំហ្វឹកហាត់ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G ចាប់ពីថ្ងៃទី០២-១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនៅពហុកីឡដ្ឋានជាតិ។

យុទ្ធនាការនេះ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ហើយលោកបានកោះហៅកីឡាករចំនួន ៣០នាក់ មកពី ៩ក្លឹបចូលរួម រួមមានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី, វិសាខា, ភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើលដ៏, នគរបាលជាតិ, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ និងក្រុមព្រះខ័នរាជស្វាយរៀង។

ជាមួយការប្រមូលផ្ដុំនេះដែរ លោក Gyotoku Koji នឹងបន្ដជម្រុះទុកត្រឹម ២៣នាក់ប៉ុណ្ណោះ សម្រាប់ការប្រកួតផ្លូវការ ខណៈក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងៗ ៤ក្រុមទៀតរួមមានក្រុមជម្រើសជាតិ U-19 ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងក្រុមកោះម៉ារីណាខាងជើង៕