(ភ្នំពេញ)៖ ​រថយន្ដទំនើប Range Rover ស៊េរីឆ្នាំ២០១៥ពណ៌ស តម្លៃ១៥ម៉ឺនដុល្លា ដែលជាកម្មសិទ្ធិរបស់អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង «អិនខេ មូលិកា ប៊ីយូធី ត្រេឌីង ឯ.ក» កញ្ញា ម៉ូលីកា នោះត្រូវបានក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់ បើកម៉ូតូ កង់បី សម្រាប់ដឹកលក់លៀសហាលបុកចំហៀងខាងស្ដាំ ​រងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីរសៀល ថ្ងៃទី៨ខែតុលា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។ ប៉ុន្ដែរកញ្ញា ម៉ូលីកា មិនបានទាមទារប្រាក់សំណង ពីក្មេងប្រុសដែលមិនទាន់គ្រប់អាយុបើកបរម៉ូតូ នោះ១រៀលឡើយ គឺនាងគ្រាន់តែឲ្យក្មេងនោះសុំទោសជាសាធារណៈ ហើយទទួលស្គាល់កំហុសរបស់ខ្លួន ដែលបើកលឿនវ៉ាខាងស្ដាំ ធ្វើឲ្យបុករថយន្ដរបស់នាង រងការខូចខាតយ៉ាងដំណំ​បែបនេះ។

​តារាចម្រៀង ម៉ូលីកា បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា រថយន្ដ Range Rover ពណ៌សពាក់ស្លាកលេខ 2BH-3777 នោះ ជាឡានរបស់នាងមែន តែនៅថ្ងៃកើតហេតុនោះ គឺបងប្រុសរបស់នាងជាអ្នកបើកបរជូនបុគ្គលិក ​ដើរលេងហើយដោយសារតែផ្លូវនោះស្ទះ អ៊ីចឹងគាត់បើកយឺតៗប៉ុណ្ណោះ តែចៃដន្យអីក្មេងប្រុសជិះម៉ូតូកង់បីនេះ បើកលឿនហើយវ៉ាស្ដាំ និងកៀរឡានរបស់នាង បណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំតែម្ដង។ ចំណែកនាងវិញបានជិះរថយន្ដផ្សេងមួយទៀត ហើយគ្រាន់​តែចុះពីលើរថយន្ដ ឃើញអ្នកបើកបរជាក្មេងតូច ហើយជិះម៉ូតូដឹកលៀសហាលអ៊ីចឹង នាងមិនដឹងថា ទារសំណងអីបានទេ គឺមានតែការអនុគ្រោះដល់ក្មេងប្រុសនោះ ដោយគ្មានសំណង១រៀលឡើយ។

​ម៉ូលីកា បញ្ជាក់ថា នាងអស់ចិត្តនៅពេលដែលក្មេងប្រុសម្នាក់នោះ សុំទោស និងចេះទទួលស្គាល់​កំហុស ប៉ុន្ដែ​ឪពុកម្ដាយគ្រប់រូប មិនគូរណាបណ្ដោយឲ្យក្មេង ទើបមានអាយុ១៣ឆ្នាំ បើកបរបែបនេះទេ ព្រោះពេលបុកគេទៅ តើយ៉ាងម៉េច បើមិនទាន់គ្រប់អាយុផងហ្នឹង? នាងថានេះប៉ះចំនាង ដែលមានការអាណិតចំពោះក្មេងប្រុសនោះ តែបើប៉ះអ្នកផ្សេងទាមទារសំណង តើគិតយ៉ាងម៉េចវិញព្រោះរថយន្ដនាង ទិញកុម្មង់មកពីបរទេសថ្លៃគួរសម ហើយការជួសជុសក៏ចំណាយលុយច្រើនដែរ ព្រោះត្រូវការកុម្មង់គ្រឿងពីបរទេសមកដាក់ឲ្យដូចដើមវិញ គឺខាតទាំងពេលវេលាទាំងថវិកា​។

​ចុងក្រោយក្មេងប្រុស ដែលបុករថយន្ដទំនើបរបស់កញ្ញា ម៉ូលីកា នោះបានលើកដៃសំពះ និងទទួលកំហុសចំពោះការបើកម៉ូតូបុកចំហៀងរថយន្ដ តារាចម្រៀងរូបនេះ ហើយម៉ូលីកា ក៏បានឲ្យក្មេងប្រុស ដែលរកស៊ីដឹកលក់លៀសហាលចិញ្ចឹមជីដូន ខណៈឪពុកម្ដាយរបស់គេនៅស្រុកកោះធំ ខេត្តកណ្ដាលនោះទៅផ្ទះវិញ។

​ដោយឡែកមហាជនជាច្រើនបានសម្ដែងការកោតសរសើរ នូវទឹកចិត្តមេត្តាធម៌របស់តារាចម្រៀង ម៉ូលីកា ទៅលើក្មេងប្រុស ដែលបើកម៉ូតូបុកឡាននាងខ្ទេចទ្វារស្ដាំនោះ ព្រោះបើប៉ះជាអ្នកជិះរថយន្ដទំនើបមួយចំនួនទៀត ប្រហែលជាប្អូនប្រុស និងក្រុមគ្រូសារប្រាកដជាពិបាករកប្រាក់ជួលជុលឡានឲ្យគេជាមិនខាន៕