(មីឡេន)៖ ក្លឹបបាល់ទាត់ AC Milan បានប្រកាសពីការចែកផ្លូវការជាមួយអ្នកចាត់ការទូទៅ Marco Giampaolo ជាផ្លូវការហើយ ក្រោយបុរសវ័យ ៥២ឆ្នាំដឹកនាំអតីតក្រុមខ្លាំងធ្លាក់ដល់លេខរៀងទី១៣ ក្នុងតារាង Serie A ពោលគឺនៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ។

Giampaolo ជាគ្រូបង្វឹកដំបូងគេ ដែលអស់តំណែងនៅក្របខណ្ឌលីគកំពូលរបស់អ៊ីតាលីក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ក្រោយរកបានជ័យជម្នះ ៣ប្រកួតក្នុងចំណោម ៧ប្រកួតក្នុងរយៈពេលតែ ៣ខែកន្លះមកនេះ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ជំនួសកៅអីគ្រូបង្វឹក Gennaro Gattuso ដែលបានលាឈប់ ក្រោយ AC Milan មិនទាន់បានកៅអី UEFA Champions League រដូវកាលនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹប AC Milan បានបញ្ជាក់ថា «ក្លឹបពិតជាអរគុណខ្លាំងណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Marco និងសូមជូនពរគាត់ទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹក»

គួរបញ្ជាក់ផងថា ១ប្រកួតចុងក្រោយរបស់លោក Marco គឺបានដឹកនាំ AC Milan យកបាន ៣ពិន្ទុនៅក្នុងផ្ទះរបស់ Genoa ក្នុងលទ្ធផល ២-១ នៅពេលដែលកីឡាករចាំទី Pepa Reina បានសង្រ្គោះបាល់ប៉េណាល់ទីចុងម៉ោងដ៏អស្ចារ្យ ក្រោយរងបរាជ័យជាប់គ្នាក្រោមថ្វីជើងរបស់ Inter Milan, Torino និង Fiorentina។

អតីតក្រុមជើងឯកអឺរ៉ុប ៧សម័យកាលមួយនេះ បានកំពុងទាក់ទងអតីតគ្រូបង្វឹកក្លឹប Inter Milan, Stefano Pioli ដើម្បីមកដឹកនាំ៕