(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នាឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅថ្ងៃទី០៨ ខែតុលានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងដាក់ទិសដៅបន្ដ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំរៀងរាល់ ៣ខែម្ដងនេះ បានផ្ដោតលើរបៀបវារៈសំខាន់ៗជាច្រើន ដែលបង្ហាញពីវឌ្ឍនភាពការងារ CAMSOC។ ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីជំរុញសកម្មភាពការងារឲ្យបានរលូន ដូចជាការកែសម្រួលរចនាសម្ព័ន្ធទាក់ទងនឹងអនុក្រឹត្យស្ដីពីការរៀបចំឲ្យមានកត់ត្រាផ្លូវការរបស់ CAMSOC និងការកែសម្រួលសមាសភាពផ្នែកកីឡាជនពិការ ដើម្បីត្រៀមការប្រកួតកីឡា ASEAN Para Games ជាដើម។

ពាក់ព័ន្ធនឹងកីឡាជនពិការនេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញក្នុងការរៀបចំសមាសភាពថ្នាក់ដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួត ASEAN Para Games ឈ្មោះថា Cambodia ASEAN PARA Games Organizing Committee ឬហៅកាត់ថា CAMAPGOC ដែលគណៈកម្មការនេះ នឹងត្រូវបង្កើតឡើង ដោយមានការចូលរួមជួយពីមន្ដ្រីរបស់ CAMSOC បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC បន្ទាប់ពីធ្វើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ដែលប្រកបដោយលទ្ធផលជាវិជ្ជមាន លោកបានគូសបញ្ជាក់ថា គណៈកម្មការជំនាញចំនួន៤ ទៀត នឹងត្រូវដំណើរការក្នុងត្រីមាសទី៤ នាដើមឆ្នាំ២០២០ រួមមានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន, គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ, គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា និងគណៈកម្មការពិធីបើក-បិទ។

ក្រោយចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ក្រោយដំណើរការ ១ព្រឹកពេញ កិច្ចប្រជុំខាងលើ បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមមតិយ៉ាងផុលផុសពីគ្រប់ផ្នែកពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ដែលធ្វើឲ្យអង្គប្រជុំបានទទួលនូវធាតុចូលជាច្រើន សម្រាប់ពង្រឹងផែនការយុទ្ធសាស្ដ្រស៊ីត្រៀមហ្គេម ឆ្នាំ២០២៣ ពិសេសដំណើការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីតែម្ដង៕