(ភ្នំពេញ)៖ បទចម្រៀងមួយបទបកស្រាយដោយតារាប្រុសរូបសង្ហារ រ៉េត ម៉េងហៀង ក្រោមចំណងជើងថា «លួចស្រឡាញ់មេម៉ាយខុសច្បាប់មែនទេ» ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ ជាពិសេសចំពោះមិត្តបុរស ដែលលួចស្រឡាញ់មេម៉ាយ តែមិនទាន់សារភាពតែម្តង។ បទនេះ គឺត្រូវនឹងសាច់រឿងពិតរបស់បុរសមួយចំនួនក្នុងសង្គមសព្វថ្ងៃ ហើយក៏ត្រូវបានម្ចាស់បងទម្លាយថា ត្រូវនឹងសាច់រឿងផ្ទាល់ខ្លួនផងដែរ។ តែយ៉ាងណាបទនេះ ក្រៅពីមានការគាំទ្រច្រើនពីទស្សនិកជនហើយនោះ ក៏ត្រូវបាន លោក រ៉េត ម៉េងហៀង បង្ហាញថា មានមេម៉ាយចូលស្តាប់រហូតដល់ទៅ ៣ពាន់នាក់ឯណោះ។​

ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» លោក រ៉េត ម៉េងហៀង បានបង្ហាញថា តាមពិតទៅបទរបស់លោក «លួចស្រឡាញ់មេម៉ាយខុសច្បាប់មែនទេ» ជាការដកស្រង់ចេញពីរឿងពិតរបស់ខ្លួនផ្ទាល់។ លោកបានលួចស្រឡាញ់នារីម្នាក់ជាមេម៉ាយ ដែលមានរូបសម្រស់ស្អាត មិនចាញ់ក្រមុំឡើយ តែមិនទាន់ហ៊ានសារភាព ព្រោះខ្លាចគ្រួសារមិនពេញចិត្ត ហើយខ្លាចមិត្តភ័ក្តសើចចំអកជាដើម។

ដោយចិត្តលួចស្រឡាញ់ មិនហ៊ានសារភាពនេះហើយ ទើបសំងំសរសេរចេញជាចម្រៀងមួយបទនេះឡើយ​ ហើយក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថា រហូតមកទល់នឹងពេលនេះ ក៏នៅតែមិនទាន់ហ៊ានសារភាព ហើយក៏កំពុងមានចម្រៀងពីរបទទៀត ត្រៀមចេញឆាប់ៗ ទាក់ទងនឹងមេម៉ាយផងដែរ។ លោកថា បទនេះគ្រាន់តែបង្ហោះក្នុង Youtube គឺមានអ្នកចូលស្តាប់យ៉ាងច្រើនកុះករ ហើយអ្វីដែលសំខាន់គឺមានមេម៉ាយចូលស្តាប់រហូតដល់ទៅ៣ពាន់នាក់ឯណោះ នេះបើតាមការអោយដឹងពីលោក រ៉េត ម៉េងហៀងផ្តាល់។

គួរជម្រាបថា លោក រ៉េត ម៉េងហៀង ជាតារាពន្លកថ្មីមួយរូប​ដែលកំពុងមានប្រជាប្រិយភាព និងមានការគាំទ្រច្រើនពីទស្សនិកជន។ កាន់តែពិសេសជាងនេះ លោកត្រូវបានទស្សនិកជនក្រៅប្រទេសអញ្ជើញទៅច្រៀងផងដែរ។ ថ្ងៃខាងមុខ នឹងលោកទៅសម្តែង ច្រៀងនៅប្រទេសអូស្ត្រាលី តបតាមការគាំទ្ររបស់បងប្អូននៅទីនោះ៕