(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ នឹងត្រូវប៉ះក្រុមមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន ក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងទីក្រុងដតម៉ាន់ ប្រទេសអាល្លឺម៉ង់តែម្តង មុនឈានទៅប្រជែងជាមួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្តូនី នៃវគ្គជម្រុះពានរង្វាន់ UEFA Euro 2020។

អាល្លឺម៉ង់ ដែលមានលោក Joachim Low ជាគ្រូបង្វឹកនោះ និងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការដកស្រង់បចេ្ចកទេសកីឡាករ គ្រាដែលក្រុមអាល្លឺម៉ង់ ធ្លាប់មានប្រវត្តិចាញ់ក្រុមអាហ្សង់ទីន ៣-២ នៃវគ្គផ្តាច់ព្រ័ត្រពាន World Cup ឆ្នាំ១៩៨៦ ក្នុងចំណោមប្រវត្តិធ្លាប់ជួបគ្នា ២២ដង ក្នុងនោះអាហ្សង់ទីន ឈ្នះ ១០ដង និងអាល្លឺម៉ង់ ឈ្នះតែ ៨ដង ហើយស្មើគ្នា ៤ដង។

សម្រាប់ក្រុមបាល់ទាត់ឥន្ទ្រីដែកអាល្លឺម៉ង់ បានឈ្នះពាន World Cup ចុងក្រោយក្នុងឆ្នាំ២០១៤ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយយកឈ្នះអាហ្សង់ទីន ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមរបស់លោក Lionel Scaloni មិនមានវត្តមានកីឡាករឆ្នើម Angel Di Maria របស់ក្លឹប PSG និង Sergio Aguero របស់ Man City គ្រាដែល Lionel Messi កំពុងជាប់បម្រាមរបស់សហព័ន្ធ CONMEBOL កាលប្រកួតនៅក្នុងព្រឹត្តិការណ៍ Copa America 2019៕