(ភ្នំពេញ)៖ បន្ទាប់ពីមានភាពជោគជ័យ ក្នុងការផលិតភាពយន្តច្រើនមានគ្រប់រសជាតិ ទាំងបែបកំប្លែង និងបែបភ័យរន្ធត់ដោយទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនកន្លងមក ពេលនេះផលិតកម្មមហាហង្ស បានដាក់ចេញនូវភាពយន្ត «លោកឪពុក» ដែលជាវណ្ណកម្មថ្មីរបស់ខ្លួនមួយទៀតហើយ ដើម្បីជាចំណីចក្ខុទស្សនិកជន។ ភាពយន្តមួយនេះ បានបង្កប់នូវអត្ថន័យអប់រំខ្ពស់ បង្ហាញពីគុណដ៏បំណាច់របស់ឪពុក ហ៊ានពលីអាយុជីវិត ដើម្បីកូនៗ។

ម្ចាស់ផលិតកម្មមហាហង្សលោក អ៉ិន សុភិន បានថ្លែងប្រាប់ Fresh News និង khmertalking នៅថ្ងៃសម្ពោធភាពយន្ត «លោកឪពុក» ក្នុងល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅរោងភាពយន្ត MAJOR CINEPLEX (ផ្សារទំនើប AEON MALL 1) យ៉ាងដូច្នេះថា ភាពយន្តមួយនេះ មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនរូប ជាពិសេស គឺវត្តមានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ តែម្តង ដែលលោកខំធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដើម្បីសម្តែងភាពយន្តនេះ។ ក្រៅពីនេះ គឺមានវត្តមាន អ្នកនាង ចន្ទ តារាទី, លោក ហម ឈររ៉ា, តារាជើងចាស់ លោក ម៉េង សាវុធ, អ្នកនាង ស្វែង សុជាតា និងអ្នកនាង ភិន សុដាលីស ព្រមទាំងតារាល្បីៗមួយចំនួនទៀត។

ងាកមកតារាសម្តែងជើងចាស់ លោក ម៉េង សាវុធ ដែលចូលរួមសម្តែងរឿងនេះ ដើរតួជាលោកឪពុក បានបង្ហាញពីចំណាប់អារម្មណ៍ថា «ភាពយន្តនេះ គឺពិតជាពិសេសមែនទែន ព្រោះវាបានបង្ហាញពីខ្លឹមសារអប់រំច្រើន និងមានអត្ថប្រយោជន៍ច្រើនសម្រាប់ទស្សនិកជន ក្នុងការទស្សនាទៅ នឹងដឹងពីគុណរបស់លោកឪពុក ជាពិសេសគឺជួយដាស់តឿន ឲ្យកូនៗគ្រប់រូបធ្វើល្អដាក់អ្នកមានគុណ ដើម្បីកុំឲ្យមានការសោកស្តាយនាថ្ងៃខាងមុខ។ ចំពោះអ្នកដែលជ្រុលដើរផ្លូវខុស ធ្វើបាបចិត្តអ្នកមានគុណ អាចកែប្រែជាថ្មីបាន»

ភាពយន្ត «លោកឪពុក» ឆ្លុះបញ្ចាំងពីតថភាពសង្គមបច្ចុប្បន្ន អំពីគុណឪពុកដែលោកហ៊ានពលីបូជាអាយុជីវិត លះបង់អាយុសង្ខារ សាច់ញើសឈាម ពេលវេលាសុខភាព កិត្តិយស ឥតអៀនខ្មាស់ ដើម្បីកូនៗគ្រប់រូប ធ្វើឲ្យគុណសម្បត្តិរបស់លោកឪពុកខ្ពង់ខ្ពស់ ឧត្តមគ្មានអ្វីមកប្រៀបផ្ទឹមបាន។ ទោះកូនដើរខុសច្បាប់សង្គម កូនរឹងរូស មិនស្តាប់ការទូន្មានរបស់លោក ក៏លោកមិនដែលគិតថា បោះបង់កូនចោលម្តងណាឡើយ។ នេះជាខ្លឹមសារសំខាន់ ក្នុងរឿង «លោកឪពុក»។

សូមជម្រាបថា ភាពយន្ត «លោកឪពុក» បាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅគ្រប់បណ្តារោងភាពយន្តទូទាំងរាជធានីភ្នំពេញ និងខេត្តផ្សេងៗ៕