(ក្រុងឡុងដ៍)៖ កីឡាករចាំទី Hugo Lloris នឹងខកខានប្រកួតរហូតដល់ដាច់ឆ្នាំ២០១៩ ដោយសារបញ្ហារបួសកែងដៃ (elbow) ដែលទទួលរងនៅអំឡុងក្លឹប Spurs ប្រកួតចាញ់ Brighton ក្នុងលទ្ធផល ៣-០ នៅ Premier League កាលពីសប្តាហ៍មុន។

នេះមានន័យថា ប្រធានក្រុមវ័យ ៣២ឆ្នាំរូបនេះ នឹងខកខានជួយក្រុមជម្រើសជាតិបារាំង ប្រកួតជម្រុះ Euro 2020 និងក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur រហូតដល់ដាច់ឆ្នាំ២០១៩ ដោយមិនធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់នោះទេ នេះបើតាមការបញ្ជាក់របស់អង់គ្លេសខាងលើ។

សេចក្តីថ្លែងការណ៍របស់ក្លឹប Spurs បានបញ្ជាក់ថា «ប្រធានក្រុមរបស់យើងបានទទួលរបួសជាទម្ងន់ តែមិនត្រូវបានវះកាត់ឡើយ។ បញ្ហារបួសនេះមានន័យថា Lloris នឹងមិនអាចហ្វឹកហាត់បានទេ រហូតដល់ដាច់ឆ្នាំ២០១៩ ក្នុងខណៈដែលបញ្ហារបួសរបស់គេ កំពុងយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ»

Lloris បានព្យាយាមសង្រ្គោះបាល់នៅពេលកីឡាករ Pascal Gross បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Neal Maupay ស៊ុតបញ្ចូលទីបានសម្រេចត្រឹមចាប់ផ្តើមលេងបាន ៣នាទីប៉ុណ្ណោះក្នុងវគ្គទី១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែលធ្វើឲ្យកីឡាករប្រធានក្រុមជម្រើសជាតិបារាំងទទួលរងរបួសកែងដៃជាទម្ងន់ និងត្រូវបានប្តូរចេញទៀតផង៕