(មេនឆេស្ទើ)៖ ក្រុមចចកខ្មៅ Wolverhampton Wanderers បានឈ្នះក្រុមការពារជើងឯក Manchester City ២-០ ដោយបានធ្វើឲ្យក្រុមលោក Pep Guardiola ចាញ់ដាច់ ៨ពិន្ទុពីក្រុមកំពូលតារាង Liverpool ក្នុងការប្រជែងតំណែងជើងឯកពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ នៃសប្តាហ៍ទី៨ ហើយនេះក៏ជាជ័យជម្នះលើកដំបូងផងដែររបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៧៩ ទៅលើមេឃខៀវ។

ការប្រកួតដ៏ស្វិតស្វាញ កីឡាករខ្សែប្រយុទ្ធ Adama Traore រកបាន ២គ្រាប់ក្នុងរយៈពេលតែ ១០នាទីចុងក្រោយនៅនៅកីឡដ្ឋាន Etihad ពោលគឺនាទី៨០ និងនាទី៩០ បានជួយឲ្យក្រុមភ្ញៀវ Wolves រកបាន ៣ពិន្ទុក្រៅដីដ៏អស្ចារ្យ និងធ្វើឲ្យ Man City មានគម្លាតពី Liverpool ដល់ទៅ ៨ពិន្ទុថែមទៀត ដែលជាការបរាជ័យលើកទី២ របស់ពួកគេ (Man City) ក្រោយចាញ់ Norwich City កាលសប្តាហ៍ទី៥ នៃ PL។

គិតត្រឹមពេលនេះក្រុមកញ្ជ្រោងខ្មៅ Wolverhampton Wanderers ដែលដឹកនាំដោយលោក Nuno Espirito Santo កំពុងតែមាន ១០ពិន្ទុបណ្តោះអាសន្នឈរលេខរៀងទី១១ ក្នុងតារាងដោយមាន Liverpool ឈរលេខ១ និង Man City ឈរលេខ២ គ្រាដែលការប្រកួតនៅសប្តាហ៍ទី៩ របស់ក្រុមកញ្ជ្រោងខ្មៅ Wolves នឹងត្រូវប៉ះក្រុម Southampton ក្នុងការប្រជែង ៣ពិន្ទុបន្ត៕