(ភ្នំពេញ)៖ ថ្មីៗនេះកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលទៅណាមកណាមានទស្សនិកជនជុំជិត ស្រែកហោរគាំទ្រ កញ្ញា សុខ​​ ពិសី បានប៉ះគ្នាលើកដំបូងជាមួយនឹងតារាសម្តែងស្រីថៃ Pinky ក្នុងកម្មវិធីសម្ពោធផលិតផល G Glamor. យ៉ាងណាមិញ ក្នុងកម្មវិធីនោះ មហាជនសង្កេតឃើញថាកញ្ញា សុខ ពិសី ហាក់លេចធ្លោរខ្លាំង ជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញ ធ្វើឲ្យអ្នកគាំទ្រដែលចូលរួមក្នុងកម្មវិធីនោះ មើលមិនដាក់ភ្នែកតែម្តង។

ពិតណាស់ ក្រៅពីវត្តមានរបស់តារាស្រី Pinky មហាជនសង្កេតឃើញថា តារាល្បីរបស់កម្ពុជាបានបង្ហាញវត្តមានច្រៀងរាំជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ជាពិសេសវត្តមានកញ្ញា សុខ​ ពិសីតែម្តង។ បើក្រឡែកមើលនៅជុំវិញបរិវេណនៃពិធី គឺសុទ្ធសឹងតែអ្នកគាំទ្ររបស់ សុខ ពិសី កាន់រូបថតឡើង ស្រែកហោរគាំទ្រ Idol របស់ពួកគេ ពេលឡើងបកស្រាយចម្រៀង ជាមួយនឹងការបង្ហាញរូបស្រស់យ៉ាងទាក់ទាញ ក្នុងឈុតរូបពណ៌សបែកទឹកដោះគោ​យ៉ាងភ្លឺចែងចាំង។

អ្វីដែលពិសេស មហាជនសង្កេតឃើញថា ជួបគ្នាលើកដំបូង ដែលតារាខ្មែរ កញ្ញា សុខ ពិសី បានបង្ហាញភាពស្និតស្នាលជាមួយនឹង តារាថៃ Pinky យ៉ាងខ្លាំង ដែលនេះ​បានបង្ហាញពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក រវាងសិល្បករខ្មែរ-ថៃ។

គួរជម្រាប់ថា ក្នុងកម្មវិធីនេះ ក្រៅពីមានវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា សុខ ពិសី និងតារាថៃ Pinky ហើយនោះ គឺមានដូចជា នាយ ចឺម, លោក លាន បញ្ចនីត និងកញ្ញា នាង គន្ធា នឹងមកអង្រួនបេះដួងទស្សនិកជន ដែលកាន់តែធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ក្នុងកម្មវិធី សម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E៕