(សៀមរាប)៖ តារាចម្រៀងសម្រស់ផូរផង់ កញ្ញា ពេជ្រ សូលីកា បានបង្ហាញខ្លួនយ៉ាងកាលីប ក្នុងពិធីតាំងពិព័រណ៌គ្រឿងពេញ Chateau Des Gems នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៥ តុលា ឆ្នាំ២០១៩ សណ្ឋាគារ Memoire Palace Resort and Spa។ ជាមួយនឹងការប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ចំនួន៥០លានរៀល ពីពិព័រណ៍មួយនេះ នាងក៏បានប្រកាសអំពាវនាវ ដល់សប្បុរសជន ដើម្បីជួយដល់មន្ទីរពេទ្យបន្តទៀតផងដែរ។

ជាមួយនឹងការបកស្រាយបទចម្រៀងច្រើនបទ អមដោយឈុតគ្រឿងពេជ្រ កញ្ញា ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលកញ្​ញាត្រូវបានជ្រើសជាតារាកិត្តិយសក្នុងពិព័រណ៌ដ៏ធំនេះ ក្រោមអធិបតីភាពលោកស្រី ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។ កញ្ញាថា ជាលើកទី១ ដែលនាងបាន​ច្រៀងក្នុងគម្រោងបំផុសអោយមហាជនបានដឹងពីការចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលការងារសប្បុរសធម៌កន្លងមក កញ្ញាបានចូលរួមច្រើនមកហើយ លើកលែង​តែសកម្មភាពបំផុសអោយជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ។ កញ្ញា ទទូចអោយមានការចូលរួមបរិច្ចាគជួយដល់មន្ទីរពេទ្យនេះអោយបានកាន់តែច្រើន បន្ទាប់ពីបានដឹងថា មន្ទីរ​ពេទ្យ​កុមារអង្គរប្រឈមនឹងខ្វះខាតច្រើនមិនខុសពីមន្ទីរពេទ្យគន្ធបុប្ផា។ នាងថាពិតជាសប្បាយចិត្តណាស់ ដែលបាន​រួមចំណែកជួយបំផុសអោយមានការយកចិត្តទុកដាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ។ កញ្ញា ក៏នឹងត្រៀមខ្លួនបន្តបន្ទាប់ដើម្បីជួយបំផុសជួយដល់មន្ទីរពេទ្យនេះផងដែរ។

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលហាងពេជ្ររបស់អ្នកស្រី​ប្រគល់អំណោយចំនួន៥០លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្ទាប់ពីកត់សម្គាល់ថា មន្ទីរពេទ្យនេះប្រឈមនឹងការខ្វះខាត។ អ្នកស្រីថាការប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពិធីតាំងពិព័រណ៌លើកទី១របស់ហាងពេជ្រ Chateau Des Gems នៅលើទឹកដីខេត្តសៀមរាប បន្ទាប់ពីហាងពេជ្រនេះឈរជើងនៅផ្សារ Icon Siam ក្នុងប្រទេសថៃ និងនៅភ្នំពេញយ៉ាងជោគជ័យ។ នៅក្នុងពិធីនោះ លោកស្រីក៏ទទូចអោយសប្បុរសជនបន្តធ្វើសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរអោយបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

លោកស្រីបន្តថា ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីចូលរួមចំណែកជាជំនួយសប្បុរសធម៌ជួយដល់សង្គម ជាពិសេសគឺមន្ទីរពេទ្យកុមារអង្គរជាឧទាហរណ៍។ ពិធីនេះធ្វើឡើង២ថ្ងៃនៅខេត្តសៀមរាប ដោយកាលពីថ្ងៃទី៥ តុលា ដែលមានការគ្រងឈុតពេជ្រដោយតារាចម្រៀងស្រស់ស្អាត កញ្ញា ពេជ្រ សូលីកា តារាចម្រៀងរបស់ហង្សមាស និងនៅថ្ងៃទី៦ តុលា ដោយមានវត្តមានតារាថៃល្បីល្បាញគឺលោក Dome Pakorn Lam។ នៅថ្ងៃទី១២ និងទី១៣ តុលា ខាងមុខ Chateau Des Gems ក៏នឹងមានការរៀបចំពិព័រណ៌ និងការជួបជុំអតិថិជនទ្រង់ទ្រាយធំបែបនេះ នៅ​រាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Topaz ផងដែរ។

អ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានការិយាល័យសុខភាពកុមារសកលនៃមន្ទីរពេទ្យកុមារអង្គរ សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលម្ចាស់ពេជ្រ Chateau Des Gems ប្រគល់ជូនថវិកាចំនួន៥០លានរៀល ក្នុងពិធីតាំងពិព័រណ៌ទ្រង់ទ្រាយធំ ដែលធ្វើអោយមន្ទីរពេទ្យកុមារអង្គរទទួលបានថវិកាបរិច្ចាគមួយចំនួនផ្សេងទៀត ពីភ្ញៀវកិត្តិយសចូលរួមផ្សេងទៀត។ អ្នកស្រីថា មន្ទីរពេទ្យកុមារអង្គរមានតម្រូវការក្នុងមួយឆ្នាំ៦លានកន្លះសហរដ្ឋអាមេរិក ខណៈដែលក្នុងមួយថ្ងៃ​មានកុមារកម្ពុជាមកពីគ្រប់ខេត្តក្រុងចន្លោះពី៦០០ទៅ៧០០ អោយសម្រាកព្យាបាល។ អ្នកស្រីថាវប្បធម៌នៃការចែករំលែកនេះ នឹងកាន់តែមានតម្លៃនៅក្នុងសង្គមកម្ពុជា ជាពិសេសម្រាប់ន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតជំនួយ៕