(លីវើភូល)៖ ការទទួលបានជ័យ ២-១ ទៅលើក្រុមកញ្ជ្រោងខៀវ Leicester City នៅនាទីចុងម៉ោង បានធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តប្រវត្តិលេងមិនចាញ់ និងចាញ់ស្មើឡើយក្នុងរដូវកាល Premier League ឆ្នាំ២០១៩-២០២០ និងនាំមុខក្រុមការពារជើងឯក ៨ពិន្ទុផងដែរ គិតត្រឹមសប្តាហ៍ទី៨ ជើងទី១នេះ។

ការប្រកួតសន្សំពិន្ទុនៃការប្រជែងយកពានរង្វាន់លីគកំពូលអង់គ្លេស PL ក្រុមដែលកំពុងតែមានការដឹកនាំដោយលោក Jurgen Klopp រកបាន ២៤ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។

ការប្រកួតនៅកីឡដ្ឋាន Anfield កីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Sadio Mane ជាអ្នករកបានគ្រាប់បើកឆាកឲ្យក្រុមម្ចាស់ជើងឯកអឺរ៉ុបរដូវកាលមុន Liverpool ក្រោយទទួលបានពីមិត្តរួមក្រុម James Milner នៅនាទីទី៤០ ចុងវគ្គទី១ និង ១គ្រាប់តាមស្មើរបស់ក្រុមភ្ញៀវ Leicester រកបានដោយកីឡាករ James Maddison នៅនាទី៨០ មុនពេលកីឡាករអង់គ្លេស James Milner រកបានគ្រាប់ជ័យជម្នះឲ្យក្រុមលោក Jurgen Klopp នៅនាទី៩០+៤ ចុងម៉ោងការប្រកួតពីការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច។

គិតត្រឹមពេលនេះ សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី៨ Liverpool នៅតែបន្តឈរលើកំពូលតារាងមាន ២៤ពិន្ទុបណ្តោះអាសន្ន និងមាន ៨ពិន្ទុលើសក្រុមការពារតំណែងជើងឯក Manchester City ដែលមានតែ ១៦ពិន្ទុ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Wolverhamton Wanderers ២-០ ក្នុងទឹកដីកីឡដ្ឋាន Etihad ដែលមានលោក Pep Guardiola ជាគ្រូបង្វឹក និងជាការបរាជ័យលើកទី២ របស់ពួកគេផងដែរក្នុងលីគអង់គ្លេសរដូវកាលនេះ គិតចាប់តាំងពីចាញ់ម្ចាស់ផ្ទះ Norwich City ៣-២ កាលសប្តាហ៍ទី៥៕