(ភ្នំពេញ)៖ សិប្បកម្មផលិតផលរបស់ខ្មែរ មានឈ្មោះថា «រ៉ារី» បានសហការជាមួយនឹង ផលិតកម្ម KCR បានបញ្ចេញនូវបទចម្រៀង MV មួយមានចំណងជើងថា «រ៉ារីដើម្បីខ្មែរ» ខណៈដែលបទចម្រៀងនេះ បានបង្ហាញពីការគាំទ្រពីការលើកស្ទួយផលិតផលខ្មែរ ដែលបានបង្កើតឡើង ដោយស្នាដៃកូនខ្មែរពិតៗ នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ។

«សិប្បកម្មរ៉ារី» បច្ចុប្បន្នដែលកូនខ្មែរបង្កើតឡើង បានសម្រេចចេញនូវផលិតផលជាច្រើន រួមមានដូចជា ទឹកម្ទេស ម្ទេសឆា ទឹកម្ទេសហឹរ និងកាពិឆា ដែលផលិតចេញពីផលិតផលធម្មជាតិរបស់ខ្មែរ ។ ដើម្បីជាការលើកស្ទួយ ក៏ដូចជាផ្សព្វផ្សាយ ឲ្យបងប្អូនខ្មែរស្គាល់ច្បាស់ពីផលិតផលខ្មែរ ដែលមានគុណភាព មិនប៉ះពាល់ដល់សុខភាព និងមានរសជាតិឆ្ងាញ់ «សិប្បកម្មរ៉ារី» បានរួមសហការជាមួយនឹងផលិតកម្មចម្រៀង « KCR » ផលិតជាបទចម្រៀង និងផលិតជាMV ដើម្បីបង្ហាញជូនដល់ទស្សនិកជន ពីផលិតផលរបស់ខ្មែរ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់តែម្ដង ។

តាមការបញ្ជាក់ ពីអ្នកតំណាង សិប្បកម្មរ៉ារី ក៏ដូចជាក្រុមហ៊ុន KCR បានឲ្យដឹងដែលថា សិប្បកម្មរ៉ារី ក៏ដូចជាក្រុមហ៊ុន KCR ទាំងមូលនឹងខំប្រឹងប្រែងលើកស្ទួយវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ពីបុរាណដ៏ល្អផូរផង់របស់ខ្មែរយើងដើម្បីអោយយុវវ័យបច្ចុប្បន្ន និងជំនាន់ក្រោយបានដឹងថាខ្មែរយើងគឺ ពិតជាអស្ចារ្យណាស់ពីបុរាណកាលមក

តាមរយៈ ការផលិតជា MV បទចម្រៀង ដែលមានចំណងជើងថា «រ៉ារីដើម្បីខ្មែរ» ដែលរួមសហការជាមួយនឹងផលិតកម្ម « KCR » គឺដើម្បីបង្ហាញពីគុណភាព ក៏ដូចជាសម្មិទផល ដែលទទួលបាន របស់ផលិតដែលផលិតឡើង កូនខ្មែរសុទ្ធសាធ ដោយមិនលួចចម្លង ឬមានការជួយផលិតពីបរទេសនោះឡើយ ខណៈដែលសិប្បកម្មរ៉ារី គឺជាសិប្បកម្មដែលផលិតតែផលិតផលរបស់ខ្មែរ ៕