(ភ្នំពេញ)៖ ពីមុនធ្លាប់តែជា Idol នឹងគ្នាទៅវិញទៅមក​ ពេលនេះតារាសម្តែងប្រុស លោក អ៊ុន សុធា ជាមួយនឹងកីឡាការិនីល្បុកតោ សំ ថារ័ត្ន បានជួបគ្នាសមតាមបំណងតែម្តង។ អ្នកទាំងពីរត្រូវបានផលិតករបរទេសជ្រើសរើស ឲ្យសម្តែងភាពយន្តបែប Action Movie ជាមួយគ្នា ដែលនេះជាក្តីស្រម៉ៃរបស់អ្នកទាំងពីរជាយូរមកហើយ។

លោក អ៊ុន សុធា បានថ្លែងប្រាប់ Fresh News ថា លោកនឹងចូលរួមសម្តែងជាមួយកញ្ញា សំ ថារ័ត្ន ដែលជាកីឡាការិនី មានជំនាញផ្នែកល្បុកតោ លើកដំបូងក្នុងរឿងបែប Action Movie តែពេលនេះសុំមិនបង្ហាញចំណងជើង ព្រោះផលិតករឲ្យលាក់សិន។ លោកថា រឿងមួយនេះគឺស្នាដៃផលិត និងដឹកនាំដោយផលិតករបរទេស សហការណ៍ជាមួយផលិតកម្មក្នុងស្រុកខ្មែរ ដែលក្នុងសាច់រឿង ក្រៅពីបែបស៊ើបអង្កេត មានឈុតវាយតប់គ្នាហើយនោះ ថែមទាំងមានឈុតឆាកស្នេហ៍រវាងលោក ជាមួយ កញ្ញា សំ ថារ័ត្ន ផងដែរ។

ចំពោះស្នេហាស៊ីជម្រៅដល់កម្រិតណាក្នុងខ្សែភាពយន្តនេះ ត្រូវបាន លោក អ៊ុន សុធា បង្ហាញថា ក្នុងរឿងនេះគ្រាន់តែដើរតួជាមួយគ្នាក្នុងនាមជាសង្សារទេ រស់នៅស្និតស្នាលគ្នាដូចប្តីប្រពន្ធ និយាយឲ្យស្រួលស្តាប់ទៅគឺ ទំនាក់ទំនងតាមបែបអ៉ឺរ៉ុបតែម្តង។

លោកបន្ថែមថា ទោះបីសម្តែងជាមួយ សំ ថារ័ត្ន លើកដំបូងក្តី តែហាក់មិនមែនជាបញ្ហាចំពោះលោកក្នុងការសម្តែងជាមួយគ្នានោះទេ ព្រោះលោកយល់ថា កញ្ញា សំ ថារ័ត្ន មានភាពរហ័សរហួន និងវ័យឆ្លាត ឆាប់យល់សាច់រឿងជាដើម។ ប៉ុន្តែអ្វីដែលលោក បារម្ភនោះគឺ ខ្លួនឯងទៅវិញទេ ព្រោះត្រូវប៉ះជាមួយនឹងអ្នកមានជំនាញផ្នែកវាយតប់ស្រាប់ បើប្រៀបធៀបនឹងលោក គឺមិនសូវជាជំនាញផ្នែកនេះ ដូច្នេះពេលឈុតវាយតប់ គឺត្រូវការ Action ច្រើន ដែលចំណុចនេះជាបញ្ហាសម្រាប់លោក៕