(ភ្នំពេញ)៖ តាមរយៈកម្មវិធី«អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលផ្សាយចេញពីទូរទស្សន៍ Fresh News តារាចម្រៀងលោក រ៉េត ម៉េងហៀង បានឲ្យដឹងថា ពាក់ព័ន្ធនឹង​ការសរសេរចេញនូវបទចម្រៀង «ស្រឡាញ់មេម៉ាយ ខុសច្បាប់មែនទេ?» នេះឡើង ដោយសារតែពីមុនគឺធ្លាប់លួចស្រលាញ់នារី ដែលជាមេម៉ាយក្មេងម្នាក់ តែមិនហ៊ានសារភាព ដោយសារទុកពេល គិតពីរឿងការងារជាមុនសិន ម្យ៉ាងវិញទៀតលោកគិតថា ខ្លួនលោកជាកម្លោះ ទៅស្រឡាញ់មេម៉ាយ ប្រាកដជាមានការជំទាស់ពីក្រុមគ្រួសារ និង​មានការសើចចំអកពីមិត្តភិក្ត គឺពិតជាធ្វើឲ្យលោកមានការព្រួយបារម្ភខ្លាំង ស្របនឹងពាក្យ «ស្រឡាញ់មេម៉ាយ ខ្លាចមាត់ញាតិ»!។

ម្យ៉ាងវិញទៀត ក្រុមគ្រួសារលោកផ្ទាល់ ក៏មិនទាន់ឲ្យលោក ផ្តោតសំខាន់ក្នុងការជ្រើសរើសគូអនាគតនៅឡើយនោះទេ ដោយសារតែលោកនៅក្មេង គ្រួសារលោកចង់ឲ្យគិតគូរពីរឿងការងារជាមុនសិន។

ដោយឡែកងាកមកចាប់អារម្មណ៍ នឹងការងារសិល្បៈវិញ បច្ចុប្បន្ន តារាចម្រៀងលោក រ៉េត ម៉េងហៀង បានប្រឡូកចូលសិល្បៈរយៈពេលជាង៤ឆ្នាំមកហើយ គិតត្រឹមឆ្នាំ២០១៩នេះ។ លោកទទួលបាននូវប្រជាប្រិយភាព និងមានការគាំទ្រច្រើនគួរឲ្យកត់សម្គាល់ ពីសំណាក់ទស្សនិកជន តាមរយៈសមត្ថភាពសិល្បៈ។ ក្រៅពីអាជីពសិល្បៈ សព្វថ្ងៃលោកកំពុងតែត្រៀមប្រឡងចូលក្នុងការងាររដ្ឋមួយកន្លែង និងមានគម្រោងបើកជាហាងកាហ្វេ សម្រាប់ខ្លួនឯង នៅពេលដែលមានវ័យជ្រេបន្តិច៕