(ភ្នំពេញ)៖​ លោក ជា ច័ន្ទបូរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sports) បានផ្ញាំផ្ញើកីឡាករទាំងអស់ មិនត្រូវមានអំនួតតែគ្នាឯង ឬអំនួតក្នុងអណ្ដូងនោះទេ ត្រូវអំនួតដណ្ដើមឲ្យបានមេដាយលើឆាកអន្ដរជាតិ ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលាម្សិលមិញ ។

ការលើកឡើងបែបនេះ បន្ទាប់ពីលោកសង្កេតឃើញមានកីឡាករ ធ្វើការ Comment ឌឺដងគ្នាលក្ខណៈអំនួតលើបណ្ដាញសង្គម ពិសេសផេកផ្លូវការរបស់សហព័ន្ធ ។ លោកថា «ខ្ញុំគិតថា ទាំងអស់នេះ វាល្អហើយ ក៏ប៉ុន្ដែអំនួតពិតប្រាកដរបស់យើង ពុំមែនវ៉ៃមុខគ្នាយើងទេ អំនួតរបស់យើង គឺត្រូវទៅយកមេដាយលើឆាកអន្ដរជាតិ ពុំមែនអំនួតក្នុងអណ្ដូងទេ យើងត្រូវអំនួតលើភពផែនដីមួយទូលំទូលាយ ខ្ញុំផ្ដាំទៅកីឡាករទាំងអស់»

រដ្ឋលេខាធិការក្រសួងព័ត៌មានដដែលបន្ថែមថា «យើងត្រូវទទួលស្គាល់ បន្ទាប់មកទើបយើងដឹងថា ត្រូវធ្វើអ្វី? បើយើងអួតខ្លាំងៗ តែក្នុងប្រទេស ហើយចេញទៅក្រៅ យើងក្លាយជាកូនទន្សាយ ដែលគេក្រញិកពេលណាក៏បាននោះ ខ្ញុំអត់ទទួលយកទេ ។ និយាយបែបនេះ មិនមែនខ្ញុំដាក់ការគាប់សង្កត់នោះទេ តែត្រូវខិតខំប្រឹងប្រែង ហើយទទួលស្គាល់នូវសមត្ថភាពរបស់យើង តើស្ថិតនៅកម្រិតណា»

លើសពីនេះ លោកបានស្នើជាពិសេសដល់កីឡាករក្រុមជម្រើសជាតិ ត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះ ហើយលោបានស្នើដាច់ខាតកីឡាករម្នាក់ៗ ត្រូវចៀសឲ្យផុតពីការប្រើប្រាស់សារធាតុហាមឃាត់ ។ លោករំពឹងថា កីឡាករម្នាក់ៗ នឹងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីកិត្តិយសខ្លួនឯង និងប្រទេសជាតិផងដែរ ។

គួរដឹងថា ចំពោះក្រុមជម្រើសជាតិ ដែលជាបក្ខភាពត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន គឺក្រុម Helheim ដែលគ្រងជើងឯកលើវិញ្ញាសា Mobile Legends កាលពីពេលថ្មីៗ ។ ចំពោះការហ្វឹកហាត់ត្រៀមបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺមានលោក វ៉ាន់ សំបូរ ជាគ្រូបង្វឹក និងលោក លន់ សាមឌី ជាអគ្គលេខាធិការសហព័ន្ធ ដើម្បីចូលរួមតានដាន និងដាក់កម្មវិធីហ្វឹកហាត់ជាដើម៕