(ភ្នំពេញ)៖ តារាសម្តែងស្រីកូនកាត់ថៃ-ឥណ្ឌា ដែលទស្សនិកជនដឹងថាជាតួឯកស្រីក្នុងរឿង «ទាសករស្នេហ៍» កញ្ញា Pinky Savika បានមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ (ថ្ងៃទី០៥តុលា) ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងដំណើរមកដល់ប្រទេសកម្ពុជាលើកទី២ នេះផងដែរ តារាស្រី Pinky Savika ក្រៅពីរំភើប ថែមទាំងបាននិយាយពាក្យក្នុងចិត្តថា «កម្ពុជាប្រៀបដូចជាផ្ទះទី២របស់នាង»។

ថ្លែងនៅប្រលានយន្តហោះ ពេលមកដល់ទឹកដីកម្ពុជា តារាស្រីថៃបាននិយាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងដំណើរមកដល់ប្រទេសកម្ពុជាជាលើកទី២នេះ ហើយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ។ តារាស្រី Pinky ថា នាងពិតជាស្រឡាញ់អ្នកគាំទ្រកម្ពុជាជាខ្លាំង កម្ពុជាប្រៀបបានជាផ្ទះទី២របស់នាង ហើយអ្នកគាំទ្រប្រៀបបានបងប្អូននឹងគ្នា រវាងថៃនិងកម្ពុជា ជាពិសេសបើមានពេលវេលាច្រើន នាងចង់ទៅកំសាន្តនៅប្រាសាទអង្គវត្តឲ្យបានច្រើន។

Pinky Savika បានបន្ថែមថា ការមកប្រទេសកម្ពុជាពេលនេះ គឺដើម្បីចូលរួមសម្ពោធផលិតផលឈ្មោះ G Glamor ដែលរៀបចំដោយក្រុមហ៊ុន T.R.E។ ជាមួយគ្នានេះ Pinky បានផ្តាំផ្ញើរដល់អ្នកគាំទ្រកម្ពុជាទាំងអស់ កុំភ្លេងចូលរួមទស្សនាការសម្តែងច្រៀងរបស់នាង នៅល្ងាចនេះ នៅផ្សារទំនើបអ៉ីអនម៉លសែនសុខ ចាប់ពីវេលាម៉ោង ៤ល្ងាចតទៅ។

បន្ថែមពីនេះ សម្រាប់អ្នកគាំទ្រដែលចូលរួម មិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកសម្រស់ពីតារាថៃ Pinky នោះទេ ថែមទាំងមាន​ពេលវេលាកំសាន្តសប្បាយជាមួយនឹងតារាល្បីៗរបស់កម្ពុជា តាមរយៈការប្រគុំតន្រ្តី ឡេលាបខ្លួនជំនាន់ថ្មី G Glamor ទៀតផង។ វត្តមានរបស់កំពូលតារាចម្រៀងស្រីកញ្ញា សុខ ពិសិ, នាយ ចឺម, លោក លាន បញ្ចនីត និងកញ្ញា នាង គន្ធា នឹងមកអង្រួនបេះដួងទស្សនិកជន ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ក្នុងកម្មវិធី សម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E៕