(ភ្នំពេញ)៖ មិនត្រឹមតែជោគជ័យក្នុងវិស័យមុខជំនួញដីធ្លីប៉ុណ្ណោះទេ តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង ក៏ត្រូវគេកត់សម្គាល់ថា មានផ្លែផ្កាល្អប្រសើរក្នុងវិស័យសិល្បៈផងដែរ។ លោកត្រូវគេលេចមុខក្នុងតំណែងជាតួឯកក្នុងរឿងខ្លីក្រោមចំណងជើងថា «មើលងាយ» ដែលនឹងត្រៀមបង្ហោះក្នុងពេលដ៏ខ្លីនោះផង បន្ទាប់ពីលោកទើបតែលេចមុខក្នុងកម្មវិធី Killer Karaoke របស់ហង្សមាស។

តាមការអះអាង ភាពយន្តខ្លីរឿង «មើលងាយ» ដែលលោកសម្ដែងជាតួឯកនេះ មានសាច់រឿងឆ្លុះបញ្ចាំងពីអតីតកាលដែលតារារូបនេះធ្លាប់ឆ្លងកាត់។ ក្នុងភាពយន្តនេះ លោកសម្ដែងជាតួឯកតែម្ដង ខណៈដែលការសម្ដែងជាតួឯកលើកដំបូងរបស់លោកក្រៅពីត្រូវសាច់រឿង ក៏ត្រូវគេមើលឃើញពីទេពកោសល្យមិនចាញ់អ្នកមានបទពិសោធន៍កាន់ឆ្នាំ។ នេះជាស្នាដៃថ្មីដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យសម្ដែង។

លោក ស្រេង ឈាងឡេង បញ្ជាក់ថា ប្រភពដែលនាំអោយមានភាពយន្តរឿង «មើលងាយ» ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករ​មកសិក្សាជីវិតជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៑ូ ផលិតករក៏ស្នើសុំចងក្រងជាសាច់រឿង ដោយជ្រើសអោយលោកសម្ដែងជាតួឯកដោយផ្ទាល់។ ក្នុង​សាច់រឿងនេះ លោកថាខ្លួនសម្ដែងចូលតួ ដោយសារតែនោះជាអតីតកាលរបស់ខ្លួន ជាពិសេសនៅពេលរំលឹកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿង​ពិតរបស់ខ្លួន ប៉ុន្តែសាច់រឿងក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូលដែលធ្លាប់រងការមាក់ងាយផងដែរ ទើបលោកយល់ថាសាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់​កម្លាំងចិត្តដល់អ្នកមិនទាន់ជោគជ័យ៕