(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) បានយល់ព្រមឲ្យកម្ពុជាលក់សំបុត្រសម្រាប់កន្លែងអង្គុយកៅអីតែ ១ប្រកួតទៀតប៉ុណ្ណោះ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar) ជុំទី២-ប្រចាំតំបន់អាស៊ី ពោលគឺពេលក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិអុីរ៉ាក់នាថ្ងៃទី១៥ ខែតុលាខាងមុខនេះ។
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា ដោយសារកម្ពុជារៀបចំមិនទាន់ក្នុងការបំពាក់កៅអីនៅពហុកីឡដ្ឋានជាតិ ហេតុនេះសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ បានសម្រេចឲ្យកម្ពុជាលក់សំបុត្រដល់អ្នកគាំទ្រ ១ប្រកួតទៀត ពេលកម្ពុជា ប៉ះអុីរ៉ាក់។ លោកបន្ដថា កន្លងមក FIFA ក៏បានហាមឃាត់ការលក់សំបុត្រនៅកន្លែងគ្មានកៅអីអង្គុយដែរ តែសហព័ន្ធបានស្នើសុំម្ដងហើយម្ដងទៀត ទើបអ្នកគាំទ្របានចូលរួមទស្សនា។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ានដដែលបន្ដថា «ឥឡូវនេះ យើងកំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបានដាក់កៅអីលក្ខណៈឯកជន និងស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ថាតើក្នុងរយៈពេលអន្ដរកាលនេះ យើងអាចសុំលក់សំបុត្របានទេ? ថ្ងៃនេះ ខ្ញុំសូមប្រកាសតែម្ដង ថ្ងៃទី១៥-តុលា ពេលយើងធ្វើម្ចាស់ផ្ទះជាមួយអុីរ៉ាក់ គេថាឲ្យយើងលក់ ១ប្រកួតទៀតចុះ ដោយយើងរៀបចំមិនទាន់ ប៉ុន្ដែគេមានលក្ខខណ្ឌច្រើនឲ្យយើងបំពេញ ព្រោះគេបារម្ភលើបញ្ហាសន្ដិសុខ»។
សូមបញ្ជាក់ថា ការបញ្ជាក់របស់លោក ខៀវ សាម៉េត ខាងលើ បានធ្វើឡើងក្នុងឱកាសក្រុមហ៊ុនឯកជន២ រួមមានក្រុមហ៊ុន Minebea-Cambodia និងក្រុមហ៊ុន Smart បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០១៩-២០២០ នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ៕