(ប៉ារីស)៖ អតីតអ្នកចាត់ការទូទៅនៃក្លឹប Leicester City និង Southampton លោក Claud Puel ត្រូវបានតែងតាំងឲ្យដឹកនាំក្លឹប Saint-Etienne ដែលកំពុងក្នុងក្របខណ្ឌ Ligue 1 របស់បារាំង ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ។

បុរសវ័យ ៥៨ឆ្នាំ Claude Puel បានអត់ការងារធ្វើ គិតចាប់តាំងពីក្លឹបអង់គ្លេស កញ្ជ្រោងខៀវ Leicester បណ្តេញចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយដឹកនាំក្រុមជើងឯក Premier League ឆ្នាំ២០១៦ បានតែ ១៦ខែ និងត្រូវជំនួសដោយគ្រូបង្វឹក Brendan Rodgers។

គ្រូបង្វឹកសញ្ជាតិបារាំង Puel ត្រូវបានតែងតាំងដឹកនាំ Saint-Etienne ដើម្បីជំនួសកន្លែងរបស់លោក Ghislain Printant ដែលបានត្រូវបានបណ្តេញចេញពីតំណែង ក្រោយដឹកនាំក្លឹបនេះធ្លាក់ដល់បាតតារាងនៃរដូវកាលឆ្នាំ២០១៩-២០២០ នេះ។

ការងារដំបូងរបស់ Puel ត្រូវបានដឹកនាំ Saint-Etienne ក្នុងជំនួប Derby ទល់នឹងក្រុម Lyon នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងនាមជា​គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លឹបលេងនៅ Ligue 1 ជាច្រើនមកដែររួមមាន Nice, Monaco, Lille និង Lyon ជាដើម៕