(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតតារាកំប្លែងល្បីឈ្មោះ នាយ សាន ម៉ៅ ក្នុងបរិវេណវត្តព្រែកប្រា ដោយក្នុងនោះក៏​មានសិល្បករ-សិល្បការិនី ជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវក្ដីក្ដុកក្ដួលក្នុងចិត្ត និងសោកស្ដាយខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សដែលមានទេពកោសល្យ ក្នុងវិស័យសិល្បៈម្នាក់ ខណៈដែលនាយ សាន ម៉ៅ បានបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើនរាប់មិនអស់ ដល់កូនចៅជំនាន់ក្រោយ។

​តារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាព នាយសាន ម៉ៅ បានទទួលមរណភាព នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦ល្ងាច នៅឯមន្ទីរពេទ្យប្រទេសថៃ ខណៈដែលសពរបស់លោក ត្រូវបានក្រុម គ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី និងបានរៀបចំឡើងនៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

យ៉ាងណាមិញ ដំណឹងមរណភាពនេះ បានធ្វើឲ្យក្រុមគ្រួសារ និងសិល្បករ-សិក្បការិនី ទាំងជំនាន់មុន និងជំនាន់ក្រោយ ពិតជាមានការសោកស្ដាយ និងក្រៀមក្រំជាទីបំផុត ខណៈ​បាត់បង់​នូវធនធាន មនុស្សមួយរូប ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យ ក្នុងវិស័យសិល្បៈ៕