(អាំស្ទើដាំ)៖ ក្រុមរបស់លោក Ole Gunnar Soksjaer អាចរកបានតែ ១ពិន្ទុ នៅទឹកដីហូឡង់ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០-០ ទល់នឹងក្រុម AZ Alkmaar ក្នុងវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល L។

ក្នុងជំនួបដ៏ស្វិតស្វាញក្នុងរយៈពេល ៩០នាទី កីឡាកររបស់បិសាចក្រហម Manchester United មានឱកាសស៊ុតចំគោលដៅតែ ១ជើងគត់ ហើយក៏ជាលើកទី១ ក្នុងចំណោមលេង ១០ប្រកួតចុងក្រោយក្រៅដី ដែលរកជ័យជម្នះមិនបាននោះ។

ទន្ទឹមគ្នានោះ កីឡាករចាំទី David De Gea ធ្វើបាន Clean sheet លើកទី១ ផងដែរគិតចាប់តាំងពីបានខែកុម្ភៈពេលប៉ះ Fulham ក្រៅដី ក្នុងចំណោមកីឡាករយុវជនមានដល់ ៥នាក់ត្រូវបានគ្រូបង្វឹកន័រវេស ដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងទល់នឹង AZ នាយប់មិញនេះរួមមានកីឡាករ Tahith Chong, Mason Greenwood, Angel Gomes និង Brandon Williams ជាដើម។

១ពិន្ទុក្រៅដីនេះដែរ ធ្វើឲ្យ Man Utd ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ២ ប្រចាំពូល L បណ្តោះអាសន្នវិញ ដោយមាន ៤ពិន្ទុ នៅពេល Partizan Beograd រកបាន ៣ពិន្ទុលើកដំបូង ដោយឈ្នះម្ចាស់ផ្ទះ Astana ២-១ គ្រាដែល AZ ឈនរនៅលេខ៣ មាន២ពិន្ទុ និង Astana ឈរនៅបាតតារាង៕