(ក្រុងឡុងដ៍)៖ កីឡាករ Dele Alli និង Jesse Lingard មិនត្រូវបានអ្នកចាត់ការ Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស ត្រៀមប្រកួតវគ្គជម្រុះ Euro 2020 ដែលត្រូវប៉ះក្រុមជម្រើសជាតិសាធារណរដ្ឋឆេក និង បុលហ្គារី នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី៤ ខែតុលា។

ខ្សែបម្រើប្រយុទ្ធ Dele Alli របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងខ្សែប្រយុទ្ធ Jesse Lingard របស់ក្លឹបបិសាចក្រហម Manchester United មិនត្រូវបានកោះហៅនោះទេ បន្ទាប់ពីពួកគេធ្លាក់ទម្រង់លេង គ្រាដែលលោក Southgate ចង់ផ្តល់ឱកាសនេះដល់កីឡាករវ័យក្មេងជំនាន់ក្រោយវិញម្តង។

កីឡាករខ្សែប្រយុទ្ធ Tammy Abraham និងមិត្តរួមក្រុម Fikayo Tomori មកពី Chelsea ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសលើកដំបូង។

ក្រុមតោបីអង់គ្លេស ក្នុងជំនួបជើងទី២ ទល់នឹងឆេក និង បុលហ្គារី បន្ទាប់ពីបានយកឈ្នះក្រុមទាំងពីកាលពីការប្រកួតដំបូងក្នុងលទ្ធផល ៥-០ និង ៤-០ គ្រាដែលគិតត្រឹមពេលនេះ អង់គ្លេសកំពុងឈរនៅកំពូលតារាងប្រចាំពូល A បណ្តោះអាសន្នផងដែរ ដោយមាន ១២ពិន្ទុ ក្នុងចំណោម ៥ក្រុម៕