(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ប៊ុត សីហា បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនខែមកហើយ ថ្មីៗនេះ តារាចម្រៀងធ្លាប់រងនូវរឿងអាស្រូវជាច្រើន លោក ប៊ុត សីហា បានបញ្ចេញនូវបទចម្រៀងថ្មី មានចំណងជើង «គុណគ្រូ» មុនថ្ងៃទិវាគ្រូបង្រៀង០៥តុលា​មកដល់ ដោយត្រូវបានបញ្ចេញ​ជាមួយនឹងអត្ថន័យចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសឲ្យនឹករលឹកដល់គ្រូ ដែលធ្លាប់ផ្តល់ចំណេះដឹង។

ជាការពិត រៀងរាល់ថ្ងៃទី០៥ ខែតុលា រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ បានបំផុសឲ្យមានទិវាជាតិ «គ្រូបង្រៀន» ក្រោមប្រធានបទដ៏មានអត្ថន័យ។ ស្របគ្នានេះដែរ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ក៏បានបង្ហើរសំនៀងដ៏ពីរោះ អមដោយខ្លឹមសារអត្ថន័យស៊ីជម្រៅ ដែលឆ្លុះបញ្ចាំង​ពីអារម្មណ៍គោរពស្រឡាញ់គ្រូបង្រៀន បានធ្លាប់បានដើរតួនាទីជាមាតាបិតា ឬជាអ្នកអាណាព្យាបាលទី២របស់សិស្ស ដោយគ្មានការ​រើសអើង និងមិនប្រកាន់ពូជសាសន៍។

សូមបញ្ជាក់ថា ទិវាគ្រូបង្រៀនកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧ ដោយកំណត់យកថ្ងៃទី០៥ ខែតុលា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈ ដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គិតរហូតដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំមកហើយ៕