(ភ្នំពេញ)៖ ក្រមាត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាអត្តសញ្ញាណនៃសម្លៀកបំពាក់ខ្មែរ ដែលជានិច្ចកាលប្រជាជនខ្មែរ តែងតែយកមកប្រើប្រាស់ក្នុងទម្រង់ផ្សេងៗគ្នា ព្រោះវាមានអត្ថប្រយោជន៍ច្រើនក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ធ្វើជាកន្សែងបងការ, ប្រើប្រាស់ជាការលម្អផ្សេងៗ, ការពារកំដៅព្រះអាទិត្យ, ជាអង្រឹងក្មេង ជាកន្សែងជូតខ្លួន ឬប្រើធ្វើជាសារ៉ុងស្លៀកជាដើម។ យ៉ាងណាមិញ ដើម្បីឲ្យបរទេសបានស្គាល់ពីក្រមាខ្មែរ កញ្ញា ថោង ម៉ាឡា ដែលកំពុងតែចូលរួមប្រឡងក្នុងកម្មវិធី «Miss Earth International» នៅហ្វីលីពីន បាននាំយកទៅជូនដល់បេក្ខនារីដទៃទៀត ដើម្បីទុកជាអនុស្សាវរីយ៍ ខណៈសកម្មភាពនេះត្រូវបានទស្សនិកជនជាច្រើនកោតសរសើរ។

បើយោងតាមផេកផ្លូវការរបស់ «Miss Earth Cambodia» បានឲ្យដឹងថា «កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ ថោង ម៉ាឡា បានជូនក្រមា ជាវត្ថុអនុស្សាវរីយ៍នៃមិត្តភាព ទៅកាន់បេក្ខនារីដទៃទៀត ហើយយើងពិតជាមានមោទនភាព លើកញ្ញាណាស់ ដែលកញ្ញាពិតជាបានបង្ហាញពីភាពជាអ្នកតំណាងដ៏ពិតប្រាកដនៃប្រទេសកម្ពុជាយើង ដែលធ្វើគេគ្រប់គ្នាបានឃើញពីភាពខុសប្លែកតែមួយគត់នៃកម្ពុជា និង ប្រជាជនកម្ពុជាទៅកាន់ពិភពលោក»

ផេកដដែល​បានបន្ថែមថា «ក្រមា ត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃជាតិកម្ពុជា ហើយ ក្រមាត្រូវបានប្រើប្រាស់ក្នុងទម្រង់ប្រពៃណី ដែលអាចប្រើប្រាស់ក្នុងទម្រង់ជាសំភារៈជាច្រើនបែប ដូចជាកន្សែងរុំ ក្រណាត់និងជាអង្រឹងសម្រាប់កុមារ។ ទោះបីជាមើលទៅហាក់ដូចជាមានភាពរាបទាបក៏ដោយ តែវាក៏ជានិមិត្តសញ្ញាដ៏មានអត្ថន័យជាច្រើនដូចជាមិត្ដភាព ជាពិសេសនៅពេលដែលបានផ្តល់ឱ្យដោយស្មោះ និង ដោយមិនរំពឹងអ្វីមួយ»

គួរជម្រាបថា បច្ចុប្បន្នកញ្ញា ថោង ម៉ាឡា កំពុងធ្វើជាបវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធីលំដាប់ពិភពលោក «Miss Earth Cambodia» ដែលមានបេក្ខនារីជិត ៩០ប្រទេសមកពីជុំវិញពិភពលោកចូលរួម។ ជាមួយគ្នានេះ កញ្ញា បាននាំយកឈុត «ទេពធីតាផ្ការំដួល» ជាសម្លៀកបំពាក់តំណាងជាតិ និងបង្ហាញដល់អន្តរជាតិបានស្គាល់ ពីផ្កាតំណាងជាតិរបស់កម្ពុជា ព្រមទាំងសមត្ថភាពរបស់នារីកម្ពុជា​ផងដែរ៕