(ក្រុងឡុងដ៍)៖ ការប្រកួតវគ្គសន្សំពិន្ទុក្រុមកាំភ្លើងធំ Arsenal យកបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុម Standard Liege 4-0 នៃការប្រកួតលើកទី២ ជើងទី១ ប្រចាំពូល F នៃការប្រកួតដណ្តើមពានរង្វាន់ Europa League 2019 គ្រាដែលក្រុមស្ថិតក្នុងពូលជាមួយគ្នា Frankfurt បានយកឈ្នះក្រុម Vitoria Guimaraes ១-០ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

ការប្រកួតដ៏ស្វិតស្វាញនាកីឡដ្ឋាន Emirates Stadium ក្រុមកាំភ្លើងធំ Arsenal អាចរកបាន ៤គ្រាប់ ក្នុងការយកឈ្នះក្រុម Standard Liege ពីការធ្វើបានសម្រេចដោយកីឡាករឆ្នើម Gabriel Martinelli ស៊ុតបាន ២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Joseph Willock និងខ្សែបម្រើ Daniel Ceballos ដែលបានធ្វើឲ្យក្រុមដឹកនាំដោយលោក Unai Emery មានភាគរយខ្ពស់ដើម្បីឡើងទៅវគ្គបន្តបន្ទាប់ពីរកបានជ័យជម្នះ ២ប្រកួតជាប់គ្នាមាន ៦ពិន្ទុ។

លោក Unai Emery បានបន្តឲ្យដឹងថា «ពេលនេះក្រុមយើងមាន ៦ពិន្ទុ ក្រោយបញ្ចប់ ២ប្រកួត ហើយកីឡាកររបស់យើតពិតជាធ្វើបានល្អណាស់ បើទោះបីពួកគេមានប្រកួតជាប់ៗគ្នា ពួកគេពិតជាធ្វើបានល្អនិងបន្តធ្វើឲ្យបានល្អបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ គ្រាដែលកីឡាករវ័យក្មេង Willock និង Martinelli ពួកគេពិតជាលេងបានល្អណាស់ក្នុងការរបានគ្រាប់ ក្នុងការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតជាមួយក្រុម»