(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ជូនកីឡាករ សៀង ចន្ធា ចូលរួមប្រកួតប្រជែងពានរង្វាន់កីឡាករយុវជនល្អប្រចាំឆ្នាំលើកដំបូង ក្នុងកម្មវិធី AFC Annual Award 2019 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ។

សហព័ន្ធបានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះថា «កីឡាករ សៀង ចន្ធា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជូនឈ្មោះចូលរួមជាបេក្ខភាពប្រកួតប្រជែងកីឡាករយុវជនល្អប្រចាំឆ្នាំ ប្រចាំតំបន់អាស៊ី ក្នុងកម្មវិធី AFC Annual Award 2019»

គួរដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សៀង ចន្ធា បានរួមចំណែកធ្វើព្យុះភ្លៀងលើសមរភូមិវាលស្មៅជាមួយក្រុមជម្រើសជាតិគ្រប់កម្រិតអាយុ ចាប់ពីក្រុមយុវជន រហូតដល់ក្រុមធំ ដែលឲ្យមហាជន និងបណ្ដាប្រទេសក្នុងតំបន់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពរបស់កីឡាករវ័យ ១៨ឆ្នាំរូបនេះ ។ កត្ដានេះហើយ ដែលនាំឲ្យរូបគេ មានឱកាសចូលរួមប្រកួតប្រជែងកម្មវិធីប្រចាំតំបន់ខាងលើ ។

ចំពោះកម្មវិធី AFC Annual Award 2019 ត្រូវបាន AFC បង្កើតជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើនចលនាប្រកួតប្រជែងលើក្រៅទីលាន ដោយមានពានរង្វាន់ជាច្រើន រួមមានកីឡាករល្អ កីឡាករបរទេសល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ គ្រូបង្វឹកល្អ ក្រុមជម្រើសជាតិល្អ ក្លឹបល្អ ក្រុមបាល់ទាត់ក្នុងសាលល្អ សហព័ន្ធល្អ និងពានផ្សេងៗទៀត ដើម្បីបង្កើនចលនាប្រកួតប្រជែង លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់ឲ្យរីកចម្រើន៕