(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានដាក់ក្ដីបារម្ភជាខ្លាំង ចំពោះដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារបស់កីឡាការ៉ាតេ បន្ទាប់ពីលោកមើលឃើញកត្ដាអវិជ្ជមានមួយចំនួន ដូចជាការធ្លាក់ចុះនៃការយកចិត្តទុកដាក់ហ្វឹកហាត់ជាដើម។

ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅថ្ងៃទី០៣ ខែតុលានេះ នៅសាលសហព័ន្ធនៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោករដ្ឋមន្ដ្រីបន្ដថា ដោយសារពេលវេលានៅសល់ខ្លី ប្រសិនបើនៅតែបណ្ដែតបណ្ដោយតទៅទៀត កីឡាការ៉ាតេច្បាស់ជាលំបាក​ក្នុងការប្រជែងមេដាយ។

លោកថា «ទោះបីយើងមានការប្រកួតថ្នាក់ជាតិ ក៏ដូចជាបានចូលរួមប្រកួតលក្ខណៈអន្ដរជាតិ តែយើងទទួលស្គាល់ កីឡាការ៉ាតេដូរបស់យើង នៅមានការខ្វះខាតនៅឡើយ។ ហើយអ្វីដែលជាការព្រួយបារម្ភរបស់រូបខ្ញុំផ្ទាល់ (មិនមែនជាការព្រួយបារម្ភរបស់សហព័ន្ធទាំងមូល) គឺឆ្នាំ២០២៣ ដែលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ត្រូវខិតខំធ្វើយ៉ាងណាខំប្រឹងដណ្ដើមមេដាយឲ្យបានច្រើន។ តែបើយើងក្រឡេកមើលពេលវេលា គឺនៅខ្លីមែនទែន។ អញ្ចឹងទាមទារឲ្យមានការប្ដេជ្ញាខ្ពស់ណាស់ ដើម្បីសម្រេចគោលដៅ»

«ខ្ញុំដាក់នូវការព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហានេះ ហើយបើនិយាយពីការគិតគូរ ការរៀបចំ ការចាត់ចែង ការដោះស្រាយនោះ គឺច្រើនណាស់ យើងត្រូវធ្វើច្រើនណាស់»។ លោក លឹម គានហោ បន្ថែម ហើយលោកក៏បានប្រៀបធៀបជំនាន់លោកហ្វឹកហាត់ និងសម័យបច្ចុប្បន្ន ដែលមានការខុសគ្នាឆ្ងាយផងដែរ។ លោកថា បច្ចុប្បន្ន ទោះបីមានឧបត្ថម្ភ និងការលើកទឹកចិត្តគ្រប់បែបយ៉ាង ក៏កីឡាករ-កីឡាការិនីមិនសូវផ្ដោតអារម្មណ៍ខ្លាំងដូចពីមុនដែរ។ កត្ដានេះហើយ ដែលទើបធ្វើឲ្យលោកមានការព្រួយបារម្ភ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបន្ដថា ការហ្វឹកហាត់នៅក្លឹបណាក៏បានដែរ ឲ្យតែកីឡាករ-កីឡាការិនីដាក់ចិត្ដខិតខំហ្វឹកហាត់ ហើយគ្រូបង្វឹកក៏ដូច្នេះដែរ ត្រូវខំប្រឹងបង្ហាត់ឲ្យអស់ពីលទ្ធភាព។ ប៉ុន្ដែជារួមទោះបីគ្រូបង្ហាត់យ៉ាងណា ក៏មិនគ្រប់គ្រាន់ដែរ សំខាន់អាស្រ័យលើការព្យាយាម ការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ទើបអាចសម្រេចគោលដៅនាថ្ងៃអនាគតបាន។

ក្រឡេកទៅចាប់អារម្មណ៍ ការប្រកួតជើងឯកថ្នាក់ជាតិខាងលើវិញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៦ ខែតុលា ឆ្នាំ២០១៩ ដោយមានកីឡាករ-កីឡាការិនីសរុប ១៦៦នាក់ មកពីសមាគម-ក្លឹបចំនួន២១ ចូលរួម។ ចំពោះវិញ្ញាសាប្រកួតមាន៤ រួមមានវិញ្ញាសាកាតាឯកត្តជន កាតាជាក្រុម ប្រយុទ្ធឯកត្តជន និងប្រយុទ្ធជាក្រុម ហើយបែងចែកចេញជា ៣៦ប្រភេទ៕