(ភ្នំពេញ)៖ អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីលោក គួច ខេវិន បានសម្ដែងការអាក់អន់ចិត្ត និងប្រតិកម្មចំពោះសម្ដីទណ្ឌិត​ សម រង្សី ដែលបានលើកឡើងថា សញ្ញាបត្រពីសាលា West Point របស់សហរដ្ឋអាមេរិក ដែលលោក ហ៊ុន ម៉ាណែត បានទទួលកាលពីឆ្នាំ១៩៩៩នោះ ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត ខណៈដែលលោក​ គួច ខេវិន ក្នុងនាមជាអតីតនិស្សិត ជាប់អាហាររូបករណ៍ម្នាក់ នៅសកលវិទ្យាល័យ Northeastern University នៃរដ្ឋ Boston, Massachusetts សហរដ្ឋអាមេរិកផងដែរ។

លោក ខេវិន ដែលបានទទួលសញ្ញាបត្រ ជាអនុបណ្ឌិតផ្នែកទស្សនវិទ្យាពីសកលវិទ្យាល័យល្បីឈ្មោះមួយនេះ កាលពីឆ្នាំ១៩៩២នោះ អ្នកផលិតកម្មវិធី​ទូរទសុ្សន៍ល្បីឈ្មោះរូបនេះថា មានអារម្មណ៍ខកចិត្តខ្លាំង ចំពោះការលើកឡើងរបស់លោកសម រង្សី កាលពីពេលថ្មីៗនេះ ដែលអាចប៉ះពាល់ដល់កិត្តិយសនិស្សិត ដែលកំពុងរៀននៅសហរដ្ឋអាមេរិក ក៏ដូចជាអ្នកដែលបានបញ្ចប់ការសិក្សារ នៅអាមេរិករួចហើយ ក្នុងនោះមានទាំងរូបលោកផ្ទាល់ផងដែរ ដែលបានខំតស៊ូរៀនសូត្ររាប់ឆ្នាំ តែលោកសម រង្សី ថាបានត្រឹមសញ្ញាបត្រលំដាប់ទី២។

លោកគួច ខេវិន បានថ្លែងសារថា «តើទណ្ឌិត សម រង្សី មានមនសសិកា សមជាអ្នកនយោបាយដែលគួរឲ្យឈរឈ្មោះ ដើម្បីប្រជាជនខ្មែរបោះឆ្នោតជ្រើសរើស ដឹកនាំ​ប្រទេសបានដែរឬទេ? បើសូម្បីតែជាតិខ្មែរមានកិត្តិយស ទទួលសញ្ញាបត្រជាន់ខ្ពស់ តាមរយៈនៃការតស៊ូសិក្សានៅឯបរទេស ក៏ត្រូវទណ្ឌិតរូបនេះមើលងាយមើលថោក មិនលើកតម្លៃជាតិខ្លួនឯងផងនោះ?។ ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ បន្ទាប់ពីបានឃើញសារ និងវីដេអូស្ដីពីសកម្មភាពអះអាងរបស់លោកទណ្ឌិត សម រង្សី ដែលថានៅអាមេរិក គេមានបែងចែកសញ្ញាបត្រជាពីរប្រភេទ ប្រភេទទី១ សម្រាប់និស្សិតនៅអាមេរិក រីឯប្រភេទទី២ គឺសម្រាប់និស្សិតមកពីក្រៅប្រទេស គឺវាគ្រាន់តែជាការឆ្លុះបញ្ចាំងមួយនៃចំណេះដឹង និងជំនាញកម្រិតទាបតែប៉ុណ្ណោះ…។ ខ្ញុំចង់សួរថា តើបងប្អូនខ្មែរដែលកំពុងសិក្សានៅឯសហរដ្ឋអាមេរិក យល់យ៉ាងណាដែរចំពោះពាក្យសំដី គ្មានមនសិការរបស់ទណ្ឌិតរត់គេចទោសរូបនេះ? ប៉ុន្តែទោះជាទណ្ឌិត សម រង្សី បំភ្លៃការពិត ហើយអះអាងយ៉ាងនេះក៏ដោយ ក៏កូនខ្មែរមួយចំនួនដូចជារូបខ្ញុំនេះ និងកូនខ្មែរយើងជាច្រើនទៀត បានរៀនចប់បានទទួលសញ្ញាបត្រ បានយកចំណេះដឹងពីការរៀនសូត្រនោះ មកបំពេញការងារបម្រើជាតិមាតុភូមិរបស់ខ្លួន ដោយស្មោះនិងអស់ពីសម្ថភាព…។ តើកូនប្រុសស្រីរបស់ទណ្ឌិត សម រង្សី បានទទួលសញ្ញាបត្រប្រភេទទីប៉ុន្មានដែរ? ហើយកូនទណ្ឌិតរូបនេះធ្លាប់យកចំណេះដឹងស្អីខ្លះ មក​បម្រើជាតិមាតុភូមិខ្លួនឯង ហើយឬនៅ? បើទណ្ឌិតកំសាកមិនបានជួយកូនខ្មែរ មិនបានការពារសន្ដិភាពក៏គួរកុំប្រមាថមើលងាយខ្មែរ កុំកុហកបោកប្រាស់ខ្មែរ ដើម្បីប្រយោជន៍ បុគ្គលខ្លួន។ ខ្មែរស្រឡាញ់ជាតិទាំងអស់ សុទ្ធតែបានស្គាល់ហើយក្រយ៉ៅទណ្ឌិតសម រង្សី ដើម្បីទៅដល់គោលដៅសូមជនរួមជាតិខ្មែរ ឈប់ស្ដាប់ឆ្កែព្រួសនៅតាមចិញ្ចើមផ្លូវ…»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ លោកសម រង្សី បាននិយាយទៅកាន់អ្នកគាំទ្រ ជាសាធារណៈនៅសហរដ្ឋអាមេរិក ដោយចោទថា សញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូត សម្រាប់ផ្ដល់ឲ្យនិស្សិតយោធាបរទេស ជាការលើកទឹកចិត្តប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនចាំបាច់រៀន ក៏បានចូលនឹងបានជាប់ដោយងាយដែរ។

ជុំវិញការចោទប្រកាន់នេះ ធ្វើឲ្យមានប្រតិកម្មជាច្រើនពីមហាជន និងអតីតនិស្សិតដែលធ្លាប់បានទៅសិក្សានៅសហរដ្ឋអាមេរិក។ ចំណែកអ្នកនាំពាក្យស្ថានទូតអាមេរិក អ្នកស្រី Emily V. Zeeberg បានប្រាប់អ្នកកាសែតថា ជនទាំងឡាយដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ៕