(ភ្នំពេញ)៖ មានការចាប់អារម្មណ៍ច្រើនស្រទាប់យុវវ័យ ជាមួយនឹងការបង្កើត Team Original Song ផ្ទាល់ខ្លួន លោក អ៊ីណូ «Eno» ដែលជាម្ចាស់បទ «ម៉ោងបាយនឹកអូន» និងបទ «ប្រុសក្រញាញ់ខូចចិត្ត»។ ហេតុផលនៃការបង្កើត ត្រូវបានលោកបញ្ជាក់ថា ដោយសារជីវិតខ្លួនធ្លាប់ហែលឆ្លង នូវអតីតកាលជូរចត់ ហើយមិនចង់ឲ្យអ្នកមានសមត្ថភាពក្នុងសិល្បៈ ប្រឈមមុខដូចខ្លួន។

តារាចម្រៀងលោក Eno បានថ្លែងបញ្ជាក់ថា លោកពិតជាបានបង្កើត Team Original Song ដូចការលេចឮមែន ដើម្បីផ្ដល់ឱកាសឲ្យតារាចម្រៀងចាស់ថ្មី ដែលមានសមត្ថភាព ឲ្យមានឱកាសលេចធ្លោ នៅក្នុងវិស័យចម្រៀង។ ក្នុងនោះក៏ដើម្បីបញ្ចេញស្នាដៃតែងនិពន្ធរបស់លោក ឲ្យកាន់តែទូលំទូលាយផងដែរ។​ លោកថាសមាជិកទាំង១៣ សុទ្ធសឹងតែជាអ្នកចម្រៀងឯករាជ្យទាំងអស់ ហើយបទចម្រៀងដែលលោក នឹងផលិតឲ្យពួកគេ គឺគ្មានឡើយពាក្យថា Copy ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរ។ មូលហេតុដែលលោកលះបង់ ក្នុងការបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួននេះ គឺដោយសារតែលោកយល់ច្បាស់ ពីអារម្មណ៍លំបាកនៅក្នុងសិល្បៈ និងចង់ឲ្យអ្នកដែលលោកសំឡឹងឃើញទាំងនោះ បានបញ្ចេញសមត្ថភាព។

ម្យ៉ាងមកពីជីវិតរបស់លោកតាំងពី២០០៥ ធ្លាប់ស្គាល់គ្មានសល់ ពីភាពជូរចត់សំពះសុំគេច្រៀងក៏គេមិនឲ្យ តស៊ូជិះម៉ូតូកញ្ចាស់ម្នាក់ឯងទៅប្រឡង ក៏គេថាទៅប្រឡងធ្វើអី ហើយពេលប្រឡងជាប់បានចូលផលិតកម្មហើយ ក៏គេមិនធ្វើដូចសន្យា។ លោកថាជីវិតសិល្បៈមកដល់ពេលនេះ គឺស្គាល់អស់ហើយ ពិសេសប្រវត្តិច្រៀងពេលយប់បានមួយថ្ងៃ៤$ ៥$ ជួលផ្ទះនៅម្នាក់ឯងឆ្ងាយពុកម៉ែមួយខែ៤៥$ ទៅសុំគេច្រៀង គេឲ្យច្រៀងដែរ តែច្រៀងហើយចាញ់បោកគេទៀត ទើបលោកត្រូវតែយកសមត្ថភាព ទៅបង្កើតក្រុម Original Song ដើម្បីជួយជំរុញទឹកចិត្តតារាផ្សេងទៀត។ លោកថា បទចម្រៀងរបស់Team Original របស់លោក នឹងផុសលើ Chanel Youtube ថ្មីរបស់លោកដែលមានឈ្មោះថា «ENO OFFICIAL» ឬ ផេកផ្លូវការរបស់លោកគឺ TEAM ORIGINAL និង ENO_Official។

សូមបញ្ជាក់ថា សមាជិក Team Original របស់លោក Eno ​ត្រូវបានគេដឹងនោះ រួមមាន លោក Deeo Rapper ជាអ្នកចម្រៀង ជាអ្នករ៉េប ដែលត្រូវគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀងផង, កញ្ញា លៀង ចាន់ឡា អតីតបេក្ខនារី X Factor, កញ្ញា សោភា ទេពី អតីតបេក្ខនារី Cambodia Idol, តារាចម្រៀងកញ្ញា អាំម៉ារ៉ា, តារាចម្រៀង កញ្ញា អាន់យ៉ា, តារាចម្រៀង ក្រុម PR, តារាចម្រៀង លោក SO-G-O, តារាចម្រៀង កញ្ញា សរ សុខកញ្ញា, តារាចម្រៀង កញ្ញា ណាន់ ណា, តារាចម្រៀង លោក ហ្វីណាល់, តារាចម្រៀង លោក ទេព អាណាក់, តារាចម្រៀង លោក អ៊ីដា, និងតារាចម្រៀងលោក យ៉ាកូ។ ដំណឹងនេះ បង្កើត «Team Original Song» ផ្ទាល់ខ្លួននេះ​លេចឡើងត្រូវបានក្រោយពេល បានផលិតបទចម្រៀង ឲ្យតារាចម្រៀងកម្សត់កញ្ញា លៀង ចាន់ឡា គឺបទ «ស្រ្តី» ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ខណៈដែលកូនក្រុមដទៃទៀត ដូចជាកញ្ញា អាន់យ៉ា វ័យ១៦ឆ្នាំ ក៏លោកនិពន្ធបទ «អត់អូនមិនបាន ហេតុអ្វីនៅតែក្បត់» ឲ្យបកស្រាយ៕