(ភ្នំពេញ)៖ កីឡាករចាំទីដែលស្ថិតក្នុងបញ្ជីឈ្មោះបឋមកីឡាករកម្ពុជាទាំង ២៦រូប ហ៊ុល គឹមហ៊ុយ បានបង្ហាញពីចំណុចវិជ្ជមានរបស់ខ្លួននៅក្នុងក្រុម ដែល​កំពុងត្រៀមលក្ខណៈប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៃវគ្គជម្រុះ FIFA World Cup 2022។

អ្នកចាំទីដែលមានវ័យទើបតែ ១៩ឆ្នាំមកពីខេត្តតាកែវរូបនេះបានឲ្យដឹងថា «យើងប៉ះក្រុមខ្លាំងនៅតំបន់អាស៊ីនេះ គឺជាឱកាសល្អមួយ ដើម្បីបង្ហាញសមត្ថភាពទៅដល់ប្រទេសក្រៅថា យើងមានកីឡាករល្អៗដែរ ហើយពេលនោះ កីឡាករយើងនឹងឆាប់បានលេងក្រៅស្រុកទៀតផង»

ទន្ទឹមគ្នានោះ គឹមហ៊ុយ ក៏មានជំនឿចិត្តដើម្បីប្រជែងការពាក់ស្រោមដៃក្នុងការប្រកួតទល់នឹងអ៊ីរ៉ង់នៅថ្ងៃទី១០ តុលាដែរថា «ប្រសិនបើខ្ញុំបានលេង គឺខ្ញុំនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្ញុំមាន ហើយខ្ញុំនឹងមិនខ្លាចគូប្រកួតនោះទេ ថ្វីដ្បិតតែពួកគេមានកម្រិតខ្ពស់ជាងយើងក៏ដោយ តែយើងនឹងលេងតាមអ្វីដែលគ្រូបានរៀបចំ។ មកទល់ពេលនេះ ខ្ញុំយល់ឃើញថា ការហាត់មានចំណុចល្អច្រើន ដោយបានហាត់ជាមួយនឹងរៀមច្បង ក៏ដូចជាកីឡាករខ្មែរដែលមានគុណភាពល្អៗ ហើយក្នុងនោះក៏មានការប្រកួតប្រជែងគ្នាខ្ពស់ផងដែរ ដើម្បីដណ្តើមកៅអីជម្រើស ១១នាក់ដំបូង»

គួរបញ្ជាក់ផងថា កម្ពុជានឹងត្រូវប្រកួតលើកទី៣ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល C នៃព្រឹត្តិការណ៍ជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ជុំទី២ សម្រាប់តំបន់អាស៊ី ទល់នឹងម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា នៅក្រៅដី មុនត្រឡប់មកធ្វើម្ចាស់ផ្ទះស្វាគមន៍អ៊ីរ៉ាក់វិញម្តងនៅថ្ងៃទី១៥ នាខែដដែល៕