(ភ្នំពេញ)៖ នាយ សាន ម៉ៅ ត្រូវបានទស្សនិកជនដឹងថា ជាសិល្បករមួយរូប ដែលមានប្រជាប្រិយភាព និងមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ តាមរយៈជំនាញខាងសិល្បៈ ផ្នែកល្ខោន និងកំប្លែងជាច្រើនឆ្នាំមកហើយនោះ។ យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី០២ ខែតុលា ម្សិលមិញនេះ នាយ បានទទួលមរណភាពហើយ ដោយសារជំងឺបៀតបៀនជាច្រើនមុខ។ ដំណឹងមរណភាពរបស់ តារាកំប្លែង នាយ សាន ម៉ៅ បានធ្វើឲ្យមហាជន និងសិល្បករ-សិក្បការិនី ទូទាំងប្រទេសតក់ស្លុត និងសម្តែងនូវការសោកស្តាយគ្រប់គ្នា ចំពោះការបាត់បង់តារាកំប្លែងជើងចាស់​រូបនេះ ខណៈសពត្រូវបានដឹកមកពីប្រទេសថៃ ​ដល់ប្រទេសកម្ពុជា នាយប់មិញនេះ និងកំពុងតម្កល់ធ្វើបុណ្យនៅក្នុងបរិវេណវត្តព្រែកប្រា ​សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ជាការកត់សម្គាល់ បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាកំប្លែង នាយ សាន ម៉ៅ មានសាររំលែកទុក្ខជាច្រើនពីសំណាក់ទស្សនិកជន និងសិល្បករ-សិក្បការី បានលេចឡើងជាបន្តបន្ទាប់​ ព្រោះការបាត់បង់នាយ សាន ម៉ៅ ជាការបាត់បង់នូវតារាកំប្លែងជើងចាស់មួយរូប បន្ទាប់ពីតារាកំប្លែង នាយ វីតាមីនសេ។ តារាល្បីៗ ដែលបានចូលរួមរំលែកទុក្ខ និងបង្ហាញការកត់ស្លុតចំពោះការបាត់បង់ នាយ សាន ម៉ៅ មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ, ​កញ្ញា ដួង ហ្សូរីដា, កញ្ញា ទឹម រដ្ឋា, ពិធីករល្បីឈ្មោះ លោក ជា វិបុល, អ្នកនាង ខាត់ សុឃីម, លោក សាវិន ហ្វីលីព, អ្នកនាង សារាយ សក្ខណា, កញ្ញា ដេននី ក្វាន, កញ្ញា ចាន់ នីកា ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនទៀត។

ប៉ុន្មានឆ្នាំចុងក្រោយនេះតារាកំប្លែង នាយ សាន ម៉ៅ ហាក់បាត់មុខមាត់ពីវិស័យសិល្បៈ មិនឃើញឡើងសម្តែងលើកញ្ចក់ទូរទស្សន៍ ដូចសព្វមួយដងឡើយ ដោយសារតែមានជំងឺជាប់កាយ ត្រូវព្យាបាលជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថមចេញថ្លៃព្យាបាល ដល់នាយ សាន ម៉ៅ នៅមន្ទីពេទ្រប្រទេសថៃ។ តែយ៉ាងណា នៅតែមិនអាចស្រោចស្រង់ជីវិតលោកបាន ទោះបីជាមានសប្បុរសជនជួយជ្រោមជ្រែងច្រើន និងមានការខិតខំយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក្តី។

បើតាមក្រុមគ្រួសារនាយ សាន ម៉ៅ ធ្លាប់បាននិយាយថា នាយ សាន ម៉ៅ មានជំងឺជាប់កាយជាច្រើនក្នុងនោះមានដូចជា​ ជំងឺខ្សោយបេះដូង, ទឹកនោមផ្អែម, លើសឈាម, រលាកសួត, និងដុះសាច់ផ្លូវដង្ហើម។

គួរជម្រាបថា នាយ សាន ម៉ៅ តារាកំប្លែងដ៏ល្បីមួយរូបរបស់កម្ពុជា បានទទួលមរណភាព នៅម៉ោង០៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យប្រទេសថៃ។ បច្ចុប្បន្នសពរបស់លោក ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​៕