(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានរួមចំណែកស៊ុតបាន ២គ្រាប់ជួយ Liverpool ដែលជាក្រុមការពារជើងឯក UEFA Champions League ក្នុងជ័យជម្នះទៅ Red Bull Salzburg ដោយលទ្ធផល ៤-៣ នៃវគ្គសន្សំពិន្ទុប្រចាំពូល E គ្រាដែលក្រុមស្ថិតក្នុងពូលជាមួយគ្នា Napoli បានត្រឹមស្មើជាមួយក្រុម Genk 0-0 នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Anfield ដែលមានអ្នកទស្សនាប្រមាណ ៥២២៤៣នាក់ ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool រកបានជ័យជម្នះលើកដំបូងក្នុងពូល E ក្រោយចាញ់ក្រុមអ៊ីតាលី Napoli កាលពីប្រកួតដំបូង គ្រាដែលការប្រកួតទី២ ក្រុមការពារតំណែងជើងឯកបានយកឈ្នះក្រុម Salzburg របស់អូទ្រីសពីការធ្វើបានសម្រេចដោយកីឡាករ Mohamed Salah ២គ្រាប់ម្នាក់ឯងនៅនាទី៣៦ និងនាទី៦៩ ក្រោយពេលមិត្តរួមក្រុម Sadio Mane រកបានគ្រាប់បើកឆាកនៅនាទីទី៩ និងខ្សែបម្រើ Andrew Robertson នៅនាទី២៥ និង Red Bull Salzburg រកបាន ៣គ្រាប់ប៉ុណ្ណោះចាប់ពីចុងម៉ោងនៃវគ្គទី១ មក។

គិតត្រឹមពេលនេះ ការប្រកួតសន្សំពិន្ទុប្រចាំពូល E លើកទី២ ជើងទី១ ក្រុមខ្លាំងអ៊ីតាលី Napoli កំពុងឈរលើកំពូលតារាងដោយមាន ៤ពិន្ទុ និង Liverpool មាន ៣ពិន្ទុស្មើជាមួយក្រុម Red Bull Salzburg និងក្រុម Genk មាន ១ពិន្ទុប៉ុណ្ណោះឈរនៅបាតតារាង៕