(ភ្នំពេញ)៖​ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានត្រៀមអត្តពលិកលើ ២វិញ្ញាសា សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ហើយក៏មានការជឿជាក់ខ្ពស់ ក្នុងការប្រជែងមេដាយផងដែរ ពិសេសវិញ្ញាសាថ្មីឈ្មោះ «ហូបតាក្រ ឬសីកន្ដ្រក់» ដែលហ្វីលីពីន ទើបដាក់បញ្ចូលលើកដំបូង នាចុងឆ្នាំ២០១៩ ។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិកីឡាសីដក់តាក្រកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះសហព័ន្ធ បានត្រៀមបញ្ជូនអត្តពលិក ២វិញ្ញាសាចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន រួមមានវិញ្ញាសាវាយគូបុរស ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសាហូបតាក្រ ហើយបច្ចុប្បន្នទាំងក្រុមការងារគ្រូ និងកីឡាករ កំពុងសម្រុកហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នៅក្នុងស្រុក ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ។

យ៉ាងណាមិញ សហព័ន្ធបានដាក់ក្ដីរំពឹងខ្ពស់ ក្នុងការស្វែងរកមេដាយពីព្រឹត្តិការណ៍ប្រចាំតំបន់ឆ្នាំនេះ ពិសេសវិញ្ញាសាហូបតាក្រ ដែលកីឡាករកម្ពុជា កំពុងសម្រុកហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ទោះបីនេះគឺជាវិញ្ញាសាថ្មីសម្រាប់កម្ពុជាក៏ដោយ ។ ចំណែកវិញ្ញាសាវាយគូបុរស ក៏សហព័ន្ធសង្ឃឹមដែរ ព្រោះវិញ្ញាសាកម្ពុជា ក៏ធ្លាប់ឈ្នះមេដាយសំរឹទ្ធ កាលស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរីផងដែរ ។

សូមបញ្ជាក់ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រជែងមេដាយជូនជាតិជាបន្ដបន្ទាប់ពីព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេម ៣លើកចុងក្រោយ កីឡាដ៏មានសក្ដានុពលមួយនេះ ដណ្ដើមបានមេដាយជាហូរហែល ជាក់ស្ដែងស៊ីហ្គេម ឆ្នាំ២០២៣ នៅមីយ៉ាន់ម៉ា ដណ្ដើមបានមេដាយសំរឹទ្ធ ២, ស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ក៏ឈ្នះមេដាយសំរឹទ្ធដែរ៕