(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ហើយ ដោយគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែតុលាខាងមុខនេះ នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានអំពាវនាវដល់សមាគម និងក្លឹបកីឡាវាយសីគ្រប់រាជធានី-ខេត្ត ចុះឈ្មោះឲ្យបានរួសរាន់ផងដែរ ស្របពេលការទទួលពាក្យ គឺចាប់ផ្ដើមពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១២ ខែតុលាខាងមុខ នៅការិយាល័យសហព័ន្ធ ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ទន្ទឹមជាមួយគ្នា លោក ជាម សុភា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធបានជំរុញឲ្យសមាគម និងក្លឹបសមាជិករបស់សហព័ន្ធទាំងអស់ ចុះឈ្មោះចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍វិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសសម្រាំងយកធនធានកីឡាករមានសមត្ថភាព និងទេពកោសល្យល្អសម្រាប់ត្រៀមចូលរួមប្រកួតលើកឆាកអន្ដរជាតិ និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕