(លីវើភូល)៖ កីឡាករចាំទីដៃទី១ Alisson Becker អាចជាសះស្បើយទាន់ពេល ក្នុងជំនួបដែលក្រុមហង្សក្រហម Liverpool ត្រូវប៉ះក្រុមខ្លាំង Leicester City និង Manchester United នៅ Premier League សម្រាប់ជើងទី១ សប្តាហ៍ទី៨ និងទី៩។

ម្ចាស់ពានស្រោមដៃមាស ក្នុងកម្មវិធី Best FIFA Award កាលខែកញ្ញា ឆ្នាំ២០១៩ បានខកខាន ៩ប្រកួតមកហើយពីក្រុម Liverpool បន្ទាប់ពីរងរបួសក្រលៀន កាលពីថ្ងៃបើកឆាក Premier League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ នៅពេលដែលបំបាក់ក្រុមភ្ញៀវ Norwich City ក្នុងលទ្ធផល ៤-១ កាលខែសីហាកន្លងទៅ។

កីឡាករប្រេស៊ីល វ័យ២៦ឆ្នាំខាងលើនេះ ក៏នឹងបន្តអវត្តមានពេល Liverpool ស្វាគមន៍ក្រុម Red Bull Salsburg នារាត្រីនេះក្នុងព្រឹត្តិការណ៍ UEFA Champions League ផងដែរនៅកីឡដ្ឋាន Anfield ដែលជាប្រកួតវគ្គសន្សំពិន្ទុលើកទី២ ប្រចាំពូល E។

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងថា «Alisson នឹងវិលចូលទីលានវិញក្នុងជំនួបដែល ហង្សក្រហមជួបក្រុម Leicester City នៅ Premier League នាចុងសប្តាហ៍នេះ មុនពេលបន្តជួបក្រុម Manchester United នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ក្រោយបញ្ចប់បេសកកម្មជួយក្រុមជម្រើសជាតិនៅកីឡដ្ឋាន Old Trafford។ រូបគេបានចូលរួមហ្វឹកហាត់ជាមួយពួកយើងបានតិចៗហើយ និងកំពុងរង់ចាំរបួសជា ១០០% ផងដែរ»