(ក្រុងឡុងដ៍)៖ ក្រុមជើងឯកអាល្លឺម៉ង់បានកើនគ្រាប់ស៊ុតដល់ ១០ក្នុងចំណោម ២ប្រកួតនៅ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ក្រោយបន្តបំបាក់ម្ចាស់ផ្ទះ មាន់ខ្នាយមាស Tottenham Hotspur ៧-២ យប់មិញទៀតក្នុងការប្រកួតទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល B។
នេះជាការបន្ថែម ៧គ្រាប់ទៅគ្រាប់ស៊ុត ៣-០ នៃក្រុម Red Star Belgrade កាលពីថ្ងៃបើកឆាកសប្តាហ៍ទី១ នៃ Champions League រដូវកាលថ្មីនេះ ជាមួយនឹងការរកបាន ៦ពិន្ទុពេញផងដែរ ខណៈក្រុមរបស់ក្រិក Olympiakos បានបរាជ័យក្នុងផ្ទះរបស់ Red Star Belgrade ៣-១ នារាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ដូចគ្នា។
ជំនួបដ៏ស្វិតស្វាញរវាងក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ទល់នឹងក្រុមរងជើងឯក UEFA Champions League រដូវកាលមុន Spurs កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េ Heung Min Son រកបានគ្រាប់នាំមុខឲ្យក្រុមមាន់ខ្នាយមាសនៅនាតង់ទី១ នៅនាទី១២ គ្រាដែលក្រុម Bayern Munich តាមបានស្មើវិញដោយកីឡាករ Joshua Kimmich នៅ៣នាទីបន្ទាប់ និង ២គ្រាប់របស់ខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៤៥ និងនាទី៨៧ គ្រាដែលកីឡាករ Serge Gnabry រកបាន ៤គ្រាប់ម្នាក់ឯង ជាមួយខ្សែប្រយុទ្ធឆ្នើម Harry Kane រកបានគ្រាប់ទី២ ឲ្យ Spurs នៅនាទី ៦១ ដោយបាល់ប៉េណាល់ទី។
គិតត្រឹមពេលនេះ ការប្រកួតសន្សំពិន្ទុប្រចាំពូល B ក្រុមអាល្លឺម៉ង់ Bayern Munich ឈរនៅកំពូលតារាងមាន ៦ពិន្ទុ និងក្រុម Red Star Belgrade មាន ៣ពិន្ទុ ឈរលេខ២ គ្រាដែលក្រុម Tottenham Hotspur និង Olympiakos មានម្នាក់ ១ពិន្ទុដូចគ្នា៕