(ភ្នំពេញ)៖ ក្នុងនាមជាគណៈកម្មការ ដែលមានតួនាទីបង្ហាត់បង្រៀនកូនក្រុម លោក ណុប បាយ៉ារិទ្ធ ពិតជាមានអារម្មណ៍សោកស្ដាយ ក្រោយពេល​ដែលកូនក្រុមជាទីទំនុករបស់ខ្លួន កញ្ញា ជាតិ សុច្ចការ ត្រូវបានជម្រុះចេញពីកម្មវិធី លំដាប់ថ្នាក់ ពិភពលោក «X Factor Cambodia» ក្នុងវគ្គ live show សប្តាហ៍ទី៥ ខណៈដែលការចាកចេញមួយនេះ ពិតជាធ្វើឲ្យលោក ណុប បាយ៉ារិទ្ធ មានអារម្មណ៍សោកស្ដាយជាពន់ពេក និងបានបង្ហោះសារបង្ហាញពីអារម្មណ៍របស់ខ្លួន រៀបរាប់ពីរឿងរ៉ាវ មួយចំនួនពាក់ព័ន្ធ និងលោក ជាមួយនឹងកូនក្រុម គឺកញ្ញា ជាតិ​ សុច្ចកា ក្នុងឱកាសថ្ងៃខួបកំណើតរូបនាងតែម្ដង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ កំពូលតារាចម្រៀងនិងជាគណៈកម្មការ កម្មវិធីប្រឡងចម្រៀង «X Factor Cambodia» លោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា «មនុស្សពីរនាក់ ដែលមិនដែលបានស្គាល់គ្នាពីមុនសោះ និស្ស័យបានអោយពួកយើងស្គាល់គ្នា លើកទី១ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «the voice Cambodia» រដូវកាលទី២ វគ្គ the blind Auditions ដែលចាក់ផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៦ ធ្វើអោយខ្ញុំបានស្គាល់ក្មេងស្រីម្នាក់ឈ្មោះ ជាតិ សុច្ចកា កាលនោះប្អូនមិនទទួលបានជោគជ័យទេ តែខ្ញុំចាំថា ខ្ញុំបាននិយាយទៅ កា ថា៖ បើសិនជាការស្រលាញ់ និងមិនបោះបង់ ថ្ងៃមួយយើងនិងបានឃើញមុខគ្នាម្តងទៀត ដរាបណាការស្រលាញ់វិស័យមួយនេះ។ គិតចាប់ពីពេលនោះមករយៈពេលជាង៣ឆ្នាំ ប្អូនបានវិលមកវិញម្តងទៀតប្រាកដមែន ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក «X Factor Cambodia» រដូវកាលទី១ វគ្គ judge Audition សប្តាហ៍ទី២ ប្អូនក៏ទទួលបានជោគជ័យទៅកាន់វគ្គជាបន្តបន្ទាប់ រហូតកម្មវិធីបានតំរូវអោយប្អូនក្លាយជាកូនក្រុមរបស់បង»

លោកបានបន្តទៀតថា​ «ប្អូនតែងតែខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឯង យកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និង បញ្ចេញសមត្ថភាព រហូតធ្វើអោយបង មានជំនឿចិត្តជ្រើសរើស ប្អូនពីវគ្គ judge house មកកាន់វគ្គ live show! ។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ប្អូនតែងតែមិនបោះបង់ចោលការខំប្រឹង ពិសេសមិនដែលបង្ហាញ អោយបងឃើញពីការព្រួយបារម្ភ ភ័យខ្លាច ឬបាក់ទឹកចិត្តម្តងណាឡើយ ប្អូនក្លាហានរឹងមាំជានិច្ចនៅចំពោះមុខបង ជោគជ័យ៤សប្តាហ៍ជាប់គ្នាគឺជាមោទនភាពដែលកើតពីសមត្ថភាពនិងការព្យាយាម»

លោក ណុប បាយ៉ារិទ្ធបន្ថែមទៀតថា «នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃ live show សប្តាហ៍ទី៥ ប្អូនស្រីបានចាកចេញពីកម្មវិធី អារម្មណ៍បងពិតជាសោកស្តាយណាស់ តែបងបានឃើញពីភាពល្អប្រសើររបស់ប្អូន ភាពក្លាហាន ដែលធ្វើអោយបងមានជំនឿចិត្តថា ប្អូនជាក្មេងស្រីដ៏រឹងមាំ ដែលបងហ៊ាននិយាយថា ទោះមិនជោគជ័យក្នុងការប្រកួត ក៏ការអាចក្លាយជាតារាចម្រៀងល្បីម្នាក់ទៅថ្ងៃអនាគតបានដែរ ស៊ូ ហើយប្រឹងបន្តទៀត ទោះប្អូនចាកចេញ តែបងនៅតែចងចាំនៅអនុស្សាវរីយ៍ល្អៗ ដែលពួកយើងមានពីកម្មវិធី»

ក្នុងនោះលោកបានបង្ហាញសោកស្តាយ ដោយការបាត់បង់កូនក្រុម ម្តងម្នាក់ៗ នៅសល់តែស្នាមញញឹមនិងរឿងរ៉ាវល្អៗដែលបានឆ្លងកាត់ជាមួយគ្នា។ យ៉ាងណាមិញ ថ្ងៃទី១ ខែតុលា នេះជាថ្ងៃខួបកំណើតរបស់ស្រីស្អាត ជាតិ សុច្ចកា លោក ណុប បាយ៉ារិទ្ធ បានផ្ញើសារជូនពរនាងថា «រីករាយថ្ងៃកំណើតប្អូន Happy birthday to you my beloved sister សូមអោយប្អូនមានសុខភាពល្អ សំណាងល្អ សម្រស់ស្រស់ស្អាត កាន់តែពូកែ កាន់តែរឹងមាំ មានជោគជ័យក្នុងឆាកជីវិត និងសម្រេចគ្រប់បំណងប្រាថ្នា»