(ភ្នំពេញ)៖ តារាចម្រៀងសំឡេងក្រអួនក្រអៅ មានទឹកដម​នៅក្នុងផលិតកម្ម Zone កញ្ញា ណាណៃ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញនាងកាន់តែទទួលបាន នូវប្រជាប្រិយភាពខ្លាំង ខណៈដែលបទចម្រៀងនីមួយៗ ដែលនាងបានបញ្ចេញ សុទ្ធសឹងតែទទួលបាននូវការចាប់អារម្មណ៍​ ពីសំណាក់ទស្សនិកជន​។ យ៉ាងណាមិញ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ បានកន្លងផុតទៅភ្លាម ស្រាប់តែស្រីស្អាត ណាណៃ មិនបង្អង់យូរ ក៏បានបញ្ចេញនូវបទចម្រៀង មួយបទ​មានចំណងជើងថា «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ» ដែលជាបទញាក់កន្រ្តាក់អារម្មណ៍ ខណៈដែលអត្ថន័យវិញ ពិតជាចាក់ដោតអារម្មណ៍ ប្រុសៗដែលជាព្រាននារីទៀតផង ជាពិសេស​កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន​។

ពិតជាប្លែកអារម្មណ៍ជាមួយនឹងបទថ្មី ដែលទើបនឹងបញ្ចេញក្ដៅៗ ពីតារាចម្រៀងទឹកមុខមានមន្តស្នេហ៍ កញ្ញា ណាណៃ ខណៈដែលសព្វមួយដង គេធ្លាប់តែឃើញ តារាស្រីរូបនេះមានតែបទចម្រៀង បែបមនោសញ្ចេតនា រៀបរាប់ពីស្នេហា និងការបែកបាក់គ្រួសារជាដើម។ ដោយឡែកសម្រាប់បទថ្មី មានចំណងជើងថា «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ» ពីកញ្ញា ណាណៃ គឺជាបទចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ លាយឡំនិងអត្ថន័យ ឌឺដងផ្លែផ្កាទៅកាន់ប្រុសៗ ដែលជាព្រាននារី ឬចង់មកញ៉ែហ្វ្រីៗតែម្ដង​។

ជាមួយគ្នានេះ បទ «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ» របស់ណាណៃ ក៏បង្ហាញឲ្យឃើញ ពីភាពក្លាហាន និងភាពរឹងមាំរបស់នារី ទោះបីជានៅម្នាក់ឯងក៏សប្បាយ គ្រាន់បើជាងយកប្រុសសាវ៉ា មកធ្វើជាសង្សារ នេះជាអត្ថន័យខ្លះៗក្នុងចម្រៀងមួយបទនេះ ជឿជាក់ថា ទស្សនិកជនស្ដាប់ហើយពិតជាពេញចិត្ត។

ចង់ដឹងកាន់តែច្បាស់ថា បទចម្រៀង «ប្រុសសាវ៉ាចេញឲ្យឆ្ងាយ» មានអត្ថន័យ និងពីរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់កម្សាន្តទាំងអស់គ្នា៖