(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មី នាល្ងាចថ្ងៃអង្គារនេះហើយ ដើម្បីត្រៀមប្រកួតទី៣ និងទី៤ ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ជុំទី២-តំបន់អាស៊ីនាពេលឆាប់ៗខាងមុខ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ដើម្បីត្រៀមជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលាខាងមុខ ក្រុមគោព្រៃកម្ពុជា នឹងប្រើប្រាស់កីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន សម្រាប់ហ្វឹកហាត់ចាប់ពីថ្ងៃទី០១-០៥ ខែតុលា មុនធ្វើដំណើរឆ្ពោះទៅប្រទេសអ៊ីរ៉ង់ នៅយប់ថ្ងៃសៅរ៍ ដើម្បីបន្ដការហ្វឹកហាត់ត្រៀមតតាំងជាមួយក្រុមម្ចាស់ផ្ទះ។

បន្ទាប់ពីធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់រួច ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយបុរសជនជាតិអាហ្សង់ទីន លោក Felix G.Dalmas នេះ នឹងត្រឡប់មកមាតុភូមិវិញ ដើម្បីបន្ដការហ្វឹកហាត់ត្រៀមបើកទ្វារផ្ទះទទួលក្រុមភ្ញៀវវិញម្ដង គឺក្រុមជម្រើសជាតិអ៊ីរ៉ាក់នាថ្ងៃទី១៥ ខែតុលាដែលជាការប្រកួតទី៤ ក្នុងពូល C។

ជាមួយការប្រមូលផ្ដុំហ្វឹកហាត់លើកនេះដែរ គេឃើញមានការផ្លាស់ប្ដូរសមាសភាពកីឡាករមួយចំនួន ក្នុងចំណោមកីឡាករ ២៦នាក់ ដែលសហព័ន្ធបានប្រកាសកាលពីពេលថ្មីៗ ក្នុងនោះកីឡាករ ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ត្រូវបានកោះហៅវិញ ក្រោយជាសះស្បើយពីរបួស។ ចំណែកកីឡាករ កាន់ ពិសាល និង ហ៊ុល គឹមហ៊ុយ ក៏ត្រូវបានកោះហៅ ក្រោយខកខានជាប់ជម្រើសជាតិប៉ុន្មានប្រកួតផងដែរ៕