(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះគួរសម ក្នុងផលិតកម្ម ថោន គឺកញ្ញា ប៊ូ ស្រីរ័ត្ន ហៅ នីរ័ត្ន ម្នាស់បទ «ប្ដីទៅកូរ៉េ», បទ«ស៊ីចេកផឹកទឹក» មួយរយៈពេលចុងក្រោយនេះ គេមិនបានឃើញវត្តមានរបស់នាង ច្រៀងរាំតាមបណ្ដាឆាកតន្រ្តី ឬតាមស្ថានីយទូរទស្សន៍ណាមួយឡើយក្រោយនាងបានភ្ជាប់ពាក្យជាមួយប្រុសអណិកជនខ្មែរ នៅប្រទេសអូស្ត្រាលី បានរយៈពេលជាងមួយឆ្នាំមកហើយ។ អំឡុងពេលភ្ជាប់ពាក្យជាងមួយឆ្នាំមកនេះ នាងបានទៅរស់នៅជាមួយគូដណ្ដឹងនៅឯអូស្រ្តាលី ដោយមិនខ្វល់នឹងការងារសិល្បៈ ដែលនាំឲ្យនាងល្បីឈ្មោះដល់សព្វថ្ងៃនោះទេ ហើយពេលនេះ នាងកំពុងពពោះកូនក្នុងផ្ទៃ មានអាយុកាលជាង៥ខែ ទាំងមិនទាន់រៀបការ។

តារាចម្រៀង នីរ័ត្ន បានបញ្ចេញរូបភាពមានផ្ទៃពោះ​ តាមបណ្ដាញសង្គមអ៊ីនស្ដាក្រាម ធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៏ដោយមិននឹកស្មានថា បាត់មុខមួយរយៈសោះ ស្រាប់តែមានផ្ទៃពោះទៅហើយ។ ​​បន្ទាប់ពីបង្ហាញឲ្យដឹងថា នាងមានផ្ទៃពោះ មានប្រភពបង្ហើបថា អាជីពចម្រៀងរបស់នាង គឺអាចនឹងផ្អាករហូតដល់ថ្ងៃសម្រាល ឬឈានទៅការឈប់ពីអាជីពសិល្បៈតែម្តង ព្រោះថា ពេលនេះនាងបានសម្រេចចិត្ត ចេញទៅរស់នៅតាមប្តីនៅអូស្ត្រាលី ទាំងពួកគេមិនទាន់បានរៀបការ នៅក្នុងប្រទេសកំណើតរបស់ខ្លួននោះទេ។

​តារាចម្រៀង នី​រ័ត្ន បានភ្ជាប់ពាក្យជាមួយប្រុសអាណិកជនខ្មែរ ​មកពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែ កក្កដា ​ឆ្នាំ២០១៨ ហើយនាងមិនទាន់កំណត់ពេលវេលា រៀបការច្បាស់លាស់នោះទេ ។ គេនៅចាំបានថា ​អនាគតស្វាមីរបស់ នី​រ័ត្ន បានលង់ស្នេហ៍នាង និងមានទំនាក់ទំនងស្នេហាជាមួយគ្នា អំឡុងពេលដែល នីរ័ត្ន ចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាមួយតារាចម្រៀង ម៉ៅ ហាជី កាលពីដើមឆ្នាំ២០១៨។

​នី​រ័ត្ន សម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសអូស្ត្រាលី នៅពេលនោះ គឺចំពេលដែលរឿងស្នេហារបស់នាង ជាមួយផលិតករដ៏ល្បីគឺ លោក យឹម តាស្រង់ កំពុងផ្ទុះខ្លាំង ហេតុនេះហើយ នី​រ័ត្ន សម្រេចចិត្តយកប្តីប្រុសខ្មែរនៅអូស្ត្រាលី ដើម្បីលុបដាន​ដំណឹងស្នេហ៍ដ៏ខ្ទរឃ្ទា ជាមួយពោះម៉ាយលោក តាស្រង់ នាពេលនោះ៕​