(ភ្នំពេញ)៖ គ្រូបង្គោលក្លឹបគិរីវង់សុខសែនជ័យ លោក Ekapob Potisai អះអាងថា នឹងរៀបចំក្រុមឲ្យបានល្អ ដើម្បីព្យាយាម​យកពិន្ទុពីការប្រកួតនៅសល់ឈានទៅរក្សាតំណែងចំណាត់ថ្នាក់លេខ៨ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ គ្រាដែលនៅសល់ ៣ប្រកួតទៀតបិទរដូវកាល។

គួរដឹងដែរថា គិតត្រឹមសប្ដាហ៍ទី២៣ គិរីវង់សុខសែនជ័យឈរនៅលំដាប់ទី៨ បណ្ដោះអាសន្ន មាន៣១ពិន្ទុ និងឈរលើក្រុមលេខ១០ សូលទីឡូអង្គរចំនួន ២ពិន្ទុ។ ដោយឡែកបើគិតសរុបការប្រកួតពីដើមជុំទី២ ក្រុមលោក Ekapob ឈ្នះ៦ ស្មើ១ និងចាញ់៣។

លោកបានបញ្ជាក់ថា «សម្រាប់ការប្រកួតនៅសល់ យើងនឹងព្យាយាមរក្សាការលេងឲ្យបានល្អ និងរកបានពិន្ទុបន្ថែម ពោលគឺធ្វើយ៉ាងរក្សាចំណាត់ថ្នាក់លេខ៨ នេះឲ្យបាន»

គ្រូបង្គោលជនជាតិថៃសង្កត់ធ្ងន់ ការប្រកួតនៅជុំទី២ កូនក្រុមខ្លួនមានការកើនឡើងបច្ចេកទេស និងការតាំងចិត្តក៏កាន់តែខ្លាំងជាងមុន។

អ្វីដែលសំខាន់ផងនោះ ក្រុមមានមូលដ្ឋាននៅខេត្តតាកែវទើបបន្តយកបាន ៣ពិន្ទុពេញពីជ័យជម្នះលើម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ជំនួបសប្ដាហ៍ទី២៣ ដោយលទ្ធផល១-២ កាលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ដែលជាការឈ្នះលើកទី៣ ជាប់ៗគ្នាបន្ទាប់ពីផ្ដួលក្រសួងការពារជាតិ និងភ្នំពេញក្រោន៕