(តូរីន)៖ ក្រុមខ្លាំងអ៊ីតាលី Juventus នឹងត្រូវបើទ្វារកីឡដ្ឋាន Allianz Stadium ទទួលក្រុមអាល្លឺម៉ង់ Bayer Leverkusen ក្នុងការប្រជែងរក ៣ពិន្ទុប្រចាំពូល D គ្រាដែលក្រុមរុស្ស៊ី Lokomotiv Moscow នឹងត្រូវប៉ះក្រុមអេស្ប៉ាញ Atletico Madrid នៅរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ។

សម្រាប់ការប្រកួតរវាងក្រុមខ្លាំងអ៊ីតាលី Juventus និង Bayer Leverkusen ក៏នឹងមានវត្តមានលើកដំបូងរបស់កីឡាករខ្សែបម្រើសញ្ជាតិវែល Aaron Ramsey ក្រោយបង្ហាញខ្លួនបានតែប៉ុន្មាននាទីចុងម៉ោងក្នុងជំនួបស្មើគ្នា ២-២ ជាមួយក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយចូលជំនួសកីឡាករខ្សែបម្រើ Miralem Pjanic នាខែកញ្ញាកន្លងទៅ តែបានលេង ៣ប្រកួតក្នុង Serie A តែមិនពេញ ៩០នាទីនោះទេ។

គួរបញ្ជាក់ផងថា គិតត្រឹមពេលនេះ Lokomotiv Moscow កំពុងតែមាន ៣ពិន្ទុឈរលើកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយ Juventus និង Atletico Madrid មានម្នាក់ ១ពិន្ទុ និង Bayer Leverkusen ឈរនៅបាតតារាង៕